​កម្ពុជា​ប្រកាស​បញ្ជូន​អត្ត​ព​លិ​កចូលរួម​​ប្រកួតកីឡាទាញព្រ័ត្រកម្រិតអាស៊ី​នៅ​​ថៃ នាខែមេសាខាងមុខនេះ

ភ្នំពេញ៖ កាលពីព្រឹកម្សិលមិញនេះ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បានប្រកាសជាផ្លូវការថានឹងបញ្ជូនកីឡាករកីឡាការិនីរបស់ខ្លួន៤០នាក់ស្មើនឹង​៤​ក្រុម ទៅចូលរួមប្រកួតប្រជែងដណ្ដើមយកមេដាយមកជូនជាតិ​ព្រឹត្តិការណ៍​កីឡា​ទាញព្រ័ត្រ​អាស៊ី​អាគ្នេយ៍និង​ព្រឹត្តិការណ៍​ទាញព្រ័ត្រ​អាស៊ី​លើក​ទី​១១​នៅ​ប្រទេស​ថៃ ។ ការ​ប្រកួត​នេះនឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២៦​ ដល់​៣០ ខែមេ​សា ឆ្នាំ​២០១៧ដោយ​សហព័ន្ធ​អន្តរជាតិ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​បញ្ជូន​៥​វិញ្ញាសា​ទៅ​ចូលរួម​ប្រកួត ប៉ុន្តែ​សហព័ន្ធ​មាន​សមត្ថភាព​ត្រឹមបញ្ជូន​តែ​៤​ក្រុម​ប៉ុណ្ណោះ​ទៅ​ចូលរួម​ប្រកួត ។
​រីឯវិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​មាន​ផ្នែក​បុរស​និង​ផ្នែក​នារី​អាយុ​២៣​ឆ្នាំ​ឡើង និង​២៣​ឆ្នាំ​ចុះនិង​វិញ្ញាសា​ប្រកួត​ចម្រុះ​បុរស​នារី ។ ដោយឡែក​ចំពោះ​វិញ្ញាសា​ចម្រុះ​បុរស​នារី​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​សិនដោយសារ​តែសហព័ន្ធ​នៅ​ខ្វះ​ធនធាន​អត្ត​ពលិក ហើយលក្ខន្តិកៈ​នៃ​ការ​ប្រកួត​ទាញព្រ័ត្រ​នេះ​ក្នុង​មួយ​ក្រុម​មាន​គ្នា​១០​នាក់​ប៉ុន្តែ​ពេល​ប្រកួត​មួយ​ក្រុម​មាន​គ្នា​តែ​៨​នាក់​ប៉ុណ្ណោះអគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាលោកស្រី ប្រាក់ សម្ផស្ស ​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជាមានឱកាស​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​បែប​នេះហើយ​វា​គឺជា​ឱកាសល្អ​ខ្លាំង​ណាស់​សម្រាប់​កម្ពុជាដោយ​យើង​បាន​ហាត់​សម​ពី​របៀប​ទាញ​ឱ្យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​មុន​ពេល​យើង​ចេញដំណើរ ។អ្នកស្រីបន្តថា៖ «សព្វថ្ងៃ​សហព័ន្ធ​មាន​ពេល​ហ្វឹកហាត់​ក្នុង​មួ​យស​ប្ដា​ហ៍​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះប៉ុន្តែអ្នកស្រី​នៅ​តែ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​កីឡាករ​-កីឡាការិនី​ទាំងអស់​ដែល​បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​សកម្ម​ដោយ​មិន​ខ្លាច​នើ​យ​ហត់​បែប​នេះ ។និយាយ​រួម​ពួក​គេ​ទាំងអស់​សុទ្ធតែ​មាន​ឆន្ទៈ​ក្នុង​ការ​ហ្វឹកហាត់ ។» អ្នកស្រីសង្កត់ធ្ងន់ថា៖ «សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ទៀត ថ្វី​ដ្បិតតែ​យើង​មិនសូវ​មាន​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​មែនប៉ុន្តែ​យើង​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ពី​គេ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯងឱ្យកាន់តែប្រសើរថែមទៀត» ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ