ស្វាយរៀងបន្ដភាពខ្លាំង ស្របពេលកីឡាករម្នាក់បាក់ដៃ ពេលប៉ះទ័ពល្ងាចមិញ

ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ១-០ នៅក្នុងជំនួបបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុពានរង្វាន់ Asia Club Pre-Season Championship 2017 នាល្ងាចថ្ងៃទី០៣ ខែកុម្ភៈនេះ ។ ប៉ុន្ដែគួរឲ្យស្ដាយ ទន្ទឹមនឹងការបន្ដទទួលបានជ័យជម្នះជាលើកទី៣ ក្រុមព្រះខ័នរាជស្វាយរៀង បានជួបរឿងអាក្រក់មួយ ដោយសារមិត្តរួមក្រុមម្នាក់រងរបួសបាក់ដៃខាងស្ដាំក្នុងការប្រកួតនេះ គឺខ្សែការពារ ប្រាក់ សុវណ្ណពិសិដ្ឋ ដែលជាកូនប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា ។

សម្រាប់ការប្រកួតបង្គ្រប់កិច្ចល្ងាចមិញ មុនជួបគ្នាជាថ្មីក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៥ ខែកុម្ភៈខាងមុខ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ០-០ នៅតង់ទី១ ។ ប៉ុន្ដែចូលតង់ទី២ លេងមិនទាន់ក្ដៅសាច់ដុំផង ស្រាប់តែ ប្រាក់ សុវណ្ណពិសិដ្ឋ ប៉ះទង្គិចជាមួយកីឡាករក្រសួងការពារជាតិ បណ្ដាឲ្យដួលលើទីលានបាក់ដៃខាងស្ដាំភ្លាមៗ ។ តែទោះជាយ៉ាងស្វាយរៀង នៅតែរក្សាទម្រង់លេងល្អដដែល រហូតដល់នាទីទី៦៦ ទើបកីឡាករបរទេសរបស់ស្វាយរៀង បានបំប៉ោងសំណាញ់ទីក្រសួងការពារជាតិ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។

នៅថ្ងៃជាមួយគ្នានេះដែរ ការប្រកួតបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុដូចគ្នា រវាងក្រុម Warriors របស់សិង្ហបុរី និងក្រុម PJ Rangers FC មកពីលីគកំពូលម៉ាឡេស៊ី គឺបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ។ ប៉ុន្ដែក្រុមទាំងពីរត្រូវជួបគ្នាម្ដងទៀត នៅថ្ងៃទី០៥ ខែកុម្ភៈចុងសប្ដាហ៍នេះ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ពោលគឺនៅថ្ងៃជាមួយគ្នា មុនពេលក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រសួងការពារជាតិជាថ្មី ដើម្បីដណ្ដើមតំណែងជើងឯក ហើយតាមគម្រោងក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ