សង្វៀន CNC ទាំង២ ស្វាគមន៍អ្នកប្រដាល់ថៃ ៥រូបនាចុងសប្ដាហ៍នេះ

ភ្នំពេញ៖ បន្ទាប់ពីប្រកាសផ្អាកមួយសង្វៀនគឺសង្វៀនCTN រួចមក នៅសប្ដាហ៍នេះលើសង្វៀនទាំង ២របស់ CNCបានទទួលអ្នកប្រដាល់ថៃចំនួន ៥ រូបឲ្យមកប្រកួតជាមួយអ្នកប្រដាល់កម្ពុជា ដោយសម្រាប់ថ្ងៃទី៤ ខែកុម្ភៈ អ្នកប្រដាល់កម្ពុជាឃុន សំខាន់នៃក្លិបកងពលតូចលេខ៧០ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Yodkhunphon Ek Bangsai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ នេះជាការជួបគ្នារវាងអ្នកលេងជើងខ្លាំងជាមួយអ្នកលេងជើងខ្លាំងដូចគ្នា ។ សំខាន់មានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦២ដង ចាញ់២២ដង ស្មើពិន្ទុ ៣ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន១៣ដង ។ ចំពោះអ្នកប្រដាល់ថៃ Yodkhunphon Ek Bangsai វិញមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៩ដង ចាញ់១៥ដងស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់៣ដង ។

ចំណែកកីឡាករ ផល សោភ័ណ្ឌរបស់ក្លិបតាឡីដំរីមានរិទ្ធនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Phitpayak Phitsurat ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។សោភ័ណ្ឌជាអ្នកប្រដាល់ដែលពូកែវ៉ៃក្នុងស្ថានភាពចង្អៀតនោះគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដងចាញ់១៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៨ ដង ។ ចំពោះគូប្រកួតរបស់គេ Phitpayak Phitsurat វិញនោះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧០ដង ចាញ់២០ដងស្មើពិន្ទុ ៥ ដង វាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ដោយឡែក សែន រ៉ាដេតនៃក្លិបអប្សរាគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Chokpichit Eavmokdahan ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ អ្នកប្រដាល់កម្ពុជារូបនេះកម្រនឹងអូសបន្លាយការប្រកួតរបស់គេដល់ ៥ទឹកណាស់ ។ ភាគច្រើនគូប្រកួតដួលមុនទឹកទី ៥ ។ ក្នុងប្រវត្តិប្រកួតចំនួន៥១ដង របស់គេគឺឈ្នះបាន៤៣ដង ចាញ់៨ដងវាយគូប្រកួតឲ្យសន្លប់បាន១៤ដងឯណោះ ។ ចំពោះអ្នកប្រដាល់ថៃChokpichit Eavmokdahan វិញក្នុងប្រវត្តិប្រកួតចំនួន៨០ដងរបស់គេគឺឈ្នះបាន៦០ដង ចាញ់១៨ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន៨ដង ។ សុទ្ធតែមានប្រវត្តិប្រកួតអស្ចារ្យបែបនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។ដោយឡែកលើសង្វៀន CNC ថ្ងៃទី៥ ខែកុម្ភៈវិញនោះអ្នកប្រដាល់កម្ពុជាកំពែង ខ្មៅ មកពីក្លិបក្រសួងកសិកម្មប្រកួតជាមួយអ្នកប្រដាល់ថៃ Balangthip Banthy Oumreunphitong ក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាម ។ កំពែង ខ្មៅ មិនមែនជាអ្នកប្រដាល់អស្ចារ្យណាស់ណាទេតែគេមានប្រវត្តិប្រកួតចំនួន៣៤ដង ឈ្នះ១៩ដងចាញ់១៤ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់៤ដង ។ រីឯ Balangthip Banthy Oumreunphitong មានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៥ដង ចាញ់១៣ដងស្មើពិន្ទុ២ដង វាយគូប្រកួតឲ្យសន្លប់បាន៣ដង ។មួយគូទៀតនោះគឺ ចាត ស៊ីចាន់ មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃ Dav Wangkhan Kaolaiyim ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ស៊ីចាន់មិនសូវមានឈ្មោះបោះសម្លេងមែនតែគេជាអ្នកប្រដាល់មានចិត្តធំកលល្បិចវ៉ៃល្អ ។ គេមានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ២៨ដងចាញ់៨ដងស្មើពិន្ទុ ៤ ដង ។គូប្រកួតរបស់គេDav Wangkhan Kaolaiyim មានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៨ដងស្មើពិន្ទុ២ដងវាយគូប្រកួតឲ្យសន្លប់៥ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ