នាយកប្រតិបត្តិប៉ារ៉ាឡាំពិកជប៉ុន៖ យ៉ាងហោចណាស់កម្ពុជារកបានអត្តពលិក៣រូបចូលរួមប្រកួតប៉ារ៉ាឡាំពិក ឆ្នាំ២០២០

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមជាង៨០នាក់ ក្នុងកម្មវិធីអភិវឌ្ឍន៍កីឡាជនពិការរួចមកលោក Toshito MITSUI នាយកប្រតិបត្តិប៉ារ៉ាឡាំពិកជប៉ុននិងជាគ្រូឧទ្ទេសប្រចាំវគ្គបណ្តុះបណ្តាលនេះបានវាយតម្លៃថាក្នុងចំណោមអត្តពលិកពិការចំនួន៨០នាក់ ដែលទទួលបានការបណ្តុះបណ្តាលនេះ គឺមានអត្តពលិកត្រឹម​តែ៣នាក់​ប៉ុណ្ណោះដែលអាចមានសមត្ថភាពចូលរួមប្រកួតព្រឹត្តិការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅឆ្នាំ២០២០ ខាងមុខនេះ។ លោកបន្តថា៖ បើតាមការសាក ល្បងរបស់លោកចំពោះអត្តពលិកដែលមានសមត្ថភាពនោះគឺល្បឿនរត់របស់ពួកគេអាចកំណត់ចូលក្នុងល្បឿន រត់របស់កីឡាករពិភពលោកបាន។ នៅពេលដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះប៉ារ៉ាឡាំពិកពិភពលោក ឆ្នាំ២០២០នោះ អត្តលិកពិការរបស់កម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ យ៉ាងហោចណាស់ពី២ទៅ៣នាក់ដែរដែលអាចចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនេះបាន ប៉ុន្តែគឺត្រូវបណ្តុះបណ្តាលបន្ថែមរយៈពេលប៉ុន្មានឆ្នាំបន្តទៀត តាមកម្មវិធីហ្វឹកហាត់របស់ជប៉ុន ដើម្បីធ្វើឲ្យកម្រិតសមត្ថភាពរបស់ពួកគេកាន់តែប្រសើរឡើង។

ជាមួយគ្នានេះផងដែរ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះថា៖ វគ្គបណ្តុះបណ្តាលនេះ គឺជាប្រយោជន៍ថ្មីមួយសម្រាប់គ្រូបង្វឹក ក៏ដូចជា កីឡាករកីឡាការិនីពិការនានា ក្នុងការ លើកកម្ពស់វិស័យកីឡាជនពិការនៅកម្ពុជាឲ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។ ឯកឧត្តមបន្ថែមថា នេះជាវគ្គបណ្តុះបណ្តាលមួយដែលមានអ្នកជំនាញរបស់ជប៉ុនមកបណ្តុះបណ្តាល ដែលធ្វើឲ្យអត្តពលិកកម្ពុជាទទួលបានចំណេះដឹង និងបទពិសោធន៍កាន់តែច្រើន ព្រមទាំងបច្ចេកទេស ដែលអត្តពលលិកពុំធ្លាប់ដឹងពីមុនមក។ គួរបញ្ជាក់ផងដែរថា វគ្គសិក្សានេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៣០ខែ មករា ដល់ថ្ងៃទី១ ខែកុម្ភៈ ក្រោមការជួយឧបត្ថម្ភពីកម្មវិធី Sport Tomorrow ដែលជាគម្រោងអភិវឌ្ឍន៍កីឡារបស់ប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍកីឡានៅតាមបណ្តាប្រទេសនានាដែលគ្រោងនឹងងបញ្ជូនអត្តពលលិកទៅចូលរួមព្រឹត្តិការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅឆ្នាំ២០២០៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ