លោកគ្រូតាឈិត សារឹម និង លោកអេ ភូថង ក្លាយជាគ្រូជម្រើសជាតិគុនខ្មែរ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបោះឆ្នោតជ្រើសរើសគ្រូបង្វឹកជម្រើសជាតិរបស់ខ្លួន និងបង្ហាញពីសមាសភាពកីឡាករជម្រើសជាតិរបស់ខ្លួនសម្រាប់ប្រមូលផ្ដុំឆ្នាំ២០១៧នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ ។ សម្រាប់តំណែងគ្រូបង្វឹកមានបេក្ខជនឈរឈ្មោះចំនួន៤៥នាក់ ។ អ្នកដែលអាចឈរឈ្មោះប្រជែងយកតំណែងជាគ្រូបង្វឹកបានគឺត្រូវមានក្លិបបង្ហាត់ដែលបានចុះបញ្ជីនៅសហព័ន្ធប្រដាល់គុនខ្មែរ និង មានសិស្សបង្ហាត់ ។ នេះជាការជ្រើសរើសដោយប្រជាធិបតេយ្យបំផុតព្រោះគ្រូបង្វឹកដែលមិនបានមកចូលរួមតែមានក្លិបគឺសហព័ន្ធបានអនុញ្ញាតឲ្យឈ្មោះបាន ។ ក្នុងនោះដែរ លោកឈិត សារឹមដែលជាព្រឹទ្ធាចារ្យប្រដាល់គុនខ្មែរវ័យចំណាស់ទៅហើយនោះ រួមទាំងលោកអេ ភូថងដែលពីអតីតកាលជាសិស្សរបស់លោកឈិត សារឹមដែរនោះបានជាប់ឆ្នោតជាគ្រូបង្វឹកជម្រើសជាតិប្រដាល់គុនខ្មែរសម្រាប់ឆ្នាំ២០១៧នេះ ។

ជាមួយនឹងការជ្រើសរើសបានគ្រូបង្វឹកហើយនោះសហព័ន្ធក៏នបានជ្រើសរើសរកកីឡាករ៦រូបក្នុងចំណោម៨រូបដែលដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិកន្លងមក ។ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានពន្យល់ថាក្រសួងអប់រំយុវជន និង កីឡាផ្ដល់កូតាមកសម្រាប់អ្នកប្រដាល់ត្រឹមតែ ៦នាក់ប៉ុណ្ណោះ ។ដូច្នេះដើម្បីឲ្យយុត្តិធម៌គឺត្រូវតែជម្រុះតាមរយៈការបោះឆ្នោត ។ជាមួយនឹងការបោះឆ្នោតជម្រុះនេះគឺត្រូវគិតទៅលើសុខភាពកីឡាករ សមត្ថភាព និងកម្ពស់ព្រោះពួកគេជាអ្នកចេញទៅប្រកួតកីឡាSEA Games លើកទី២៩នេះនៅប្រទេសម៉ាឡេស៊ី ។ កីឡាករ ៦រូបដែលបានជាប់ឆ្នោតជាកីឡាប្រដាល់គុនខ្មែរជម្រើសជាតិមានហ៊ឹម សេរីទម្ងន់៤៨គីឡូក្រាមមកពីក្លិបតាព្រហ្មមានជ័យ ។ឡៅ ចិត្រាទម្ងន់៥៤គីឡូក្រាមមកពីក្លិបទ័ពឆ័ត្រយោង៩១១ ម៉ាង សាម៉េតទម្ងន់៥៧គីឡូក្រាមមកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ។ ឡុង សំណាងទម្ងន់៦០គីឡូក្រាមមកពីក្លិបសាលវ័ន្ដកីឡា ឡៅ ចន្ត្រា ទម្ងន់៦៣,៥០គីឡូក្រាមមកពីក្លិបទ័ពឆ័ត្រយោង៩១១ និង ម៉ឺន សុភាទម្ងន់៧១គីឡូក្រាមមកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។ ចំពោះអ្នកប្រដាល់២រូបដែលមិនបានទទួលការគាំទ្រនោះគឺស៊ឹម ពន្លឺទម្ងន់៥១គីឡូក្រាមមកពីខេត្តបាត់ដំបង និង ថុល មករាទម្ងន់៦៧គីឡូក្រាមមកពីក្លិបឃ្លាំងមឿងកីឡា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ