ស្វាយរៀង ប៉ះទ័ពយកលេខ១ វគ្គសន្សំពិន្ទុល្ងាចនេះ មុនជួបសារជាថ្មី ដើម្បីដណ្ដើមជើងឯក

ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ(ទ័ព)របស់កម្ពុជា ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់មិត្តភាពក្លឹបអាស៊ី Asia Clubs Pre-Season Championship 2017 បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតដូចគ្នា ប៉ុន្ដែមុនជួបគ្នាជាថ្មី ដើម្បីដណ្ដើមជើងឯកនៅថ្ងៃទី០៥ ខែកុម្ភៈនោះ ក្រុមតំណាងប្រទេសកម្ពុជាទាំងពីរ ត្រូវជួបគ្នាបង្ហើយកិច្ចវគ្គសន្សំពិន្ទុ ឬដណ្ដើមលេខ១ ក្នុងវគ្គនេះសិន នាវេលាម៉ោង ៧យប់នេះ នៅពហុកីឡដ្ឋានជាតិ ។ គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈម្សិលមិញ ក្រុមបាល់ទាត់កម្ពុជាទាំងពីរ បានយកឈ្នះក្រុមមកពីម៉ាឡេស៊ី និងសិង្ហបុរីទៀតហើយ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម៉ាឡេស៊ី PJ Rangers ដោយលទ្ធផល ៤-១ និងក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុម Warriors មកពីលីគកំពូលសិង្ហបុរី ដោយលទ្ធផល ២-១ ។ស្រដៀងគ្នាដែរ ចំពោះក្រុម PJ Rangers និងក្រុម Warriors បន្ទាប់ពីអស់ឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំងពីរត្រូវជួបគ្នាម៉ោង ៤ល្ងាចនេះ មុនជួបគ្នាជាថ្មី ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី០៥ ខែកុម្ភៈចុងសប្ដាហ៍នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ