សហព័ន្ធប្រដាល់ ត្រូវបំបែកជា ២ ដើម្បីបង្កើនប្រសិទ្ធិភាពការងារលើជំនាញគុនបុរាណខ្មែរ និងសាកល

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់កម្ពុជាបានធ្វើមហាសន្និបាតបូកសរុបការងាររបស់ខ្លួនពេញមួយល្ងាចថ្ងៃទី១ ខែកុម្ភៈក្រោមការចូលរួមពីសំណាក់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍ថាពេលនេះគឺត្រូវតែធ្វើការកែទម្រង់បើមិនដូច្នេះទេនៅឆ្នាំ២០២៣ កម្ពុជានឹងមិនមានកីឡាករប្រកបដោយគុណភាពនោះឡើយ ។ សម្រាប់មហាសន្និបាតលើនេះសហព័ន្ធប្រដាល់កម្ពុជាសម្រេចបំបែកសហព័ន្ធចេញជា ២ គឺសហព័ន្ធកីឡាប្រដាល់សាកល និងសហព័ន្ធកីឡាគុនខ្មែរ ។

 ឯកឧត្តមវ៉ាត់ ចំរើនបានថ្លែងទៅកាន់អង្គមហាសន្និបាតអំពីផែនការកំណែទម្រង់ដោយប្រកាសថាបើសហព័ន្ធណាគ្មានការកែទម្រង់ ឬមានបញ្ហាផ្ទៃក្នុងមិនព្រមដោះស្រាយទេ នោះអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និង កីឡានឹងព្យួរសមាជិកភាពរបស់សហព័ន្ធនោះហើយសហព័ន្ធនោះក៏លែងមានសិទ្ធិធ្វើសកម្មភាពដែរ ។ សហព័ន្ធជាតិទាំងអស់ត្រូវតែប្ដេជ្ញាចិត្តថាយកមេដាយឲ្យបាន ហើយក្នុងឆ្នាំ២០២០បើសហព័ន្ធណានៅតែបង្ហាញពីភាពទន់ខ្សោយនោះនឹងត្រូវមិនដាក់ចូលក្នុងបញ្ជីប្រកួតនោះឡើយ ។ឯកឧត្តមបញ្ជាក់ថានៅក្នុងទ្រឹស្ដីកីឡារយៈពេល ៤ឆ្នាំគឺកសាងបាននូវសមត្ថភាព និងគុណវឌ្ឍន៍របស់អត្តពលិកបាន ។ឯកឧត្តមបានបញ្ជាក់ទៀតថាប្រដាល់សាកលគឺជាសហព័ន្ធមួយ រីឯគុនបូរាណខ្មែរត្រូវតែជាសហព័ន្ធមួយគឺមិនអាចឲ្យនៅរួមគ្នាក្នុងសហព័ន្ធតែមួយបានទេ ។ នេះជាប្រវត្តិសាស្ត្រមួយរបស់ប្រដាល់កម្ពុជាដែលបំបែកសហព័ន្ធប្រដាល់ជាពីរ។ ឯកឧត្តមអគ្គអូឡាំពិក បានព្រមានថាថាសហព័ន្ធមួយខ្លាំងគឺត្រូវតែមានអគ្គលេខាធិការចេះរៀបចំយុទ្ធសាស្ត្ររៀបចំយុទ្ធសាស្ត្រគ្រប់យ៉ាងនៅក្នុងសហព័ន្ធ ។ ឯកឧត្តមបន្តថាសហព័ន្ធបានបំបែកមែនតែអ្នកដឹកនាំដដែលទេ ហេតុនេះត្រូវតែដឹងថាសហព័ន្ធមួយខ្លាំងត្រូវផ្អែកលើគោលការណ៍៤គឺរដ្ឋបាលកីឡាត្រូវល្អប្រសើរយន្ដការណ៍ដឹកនាំច្បាស់លាស់មានទំនាក់ទំនងក្រៅប្រទេសល្អ, ទី២អភិវឌ្ឍន៍បច្ចេកទេសហើយពីនេះដល់ឆ្នាំ២០២៣ សហព័ន្ធប្រដាល់ទាំងសាកលទាំងគុនបូរាណខ្មែរត្រូវតែមានអាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិតិចបំផុត១០នាក់, ទី៣ត្រូវចេះគ្រប់គ្រងរៀបចំការប្រកួតឲ្យបានត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិ និង ទី ៤ស្វែងរកចលនូបត្ថម្ភ និង ទីផ្សារកីឡា ។សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានសមាជិកប្រតិបត្តិ១៣រូបគឺឯកឧត្តមតែម ម៉ឺនជាប្រធានសហព័ន្ធ, ឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យជាអនុប្រធានទី១, វេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនជាអនុប្រធាន, លោកម៉ិល កាដូជាអគ្គលេខាធិការអ្នកស្រីប៉ឹង សំអាងជាអគ្គហិរញ្ញិក, ឧត្តមសេនីយ៍និន ភិរម្យជាសមាជិក, ឧត្តមសេនីយ៍គឹម ឡាវីជាសមាជិក, លោកចាន់ សុទ្ធជាសមាជិក, លោកថុក ប៊ុនធឿនជាសមាជិក, ឧត្តមសេនីយ៍រាជ សុផែនជាសមាជិក, លោកទេស សូ ជាសមាជិក, លោកមាស សុខគ្រីជាសមាជិកនិងលោកគួន សុវណ្នឌី ជាសមាជិក ។ចំពោះសហព័ន្ធកីឡាប្រដាល់សាកលមានសមាជិកប្រតិបត្តិចំនួន១៥រូបដែលក្នុងនោះលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនជាប្រធាន និង មានអនុប្រធាន៣រូបគឺឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យ, លោកម៉ិល កាដូ និងលោកមាស វុទ្ធី ។ អគ្គលេខាធិការគឺលោកប៊ួយ សោភ័ណ្ឌ, លោកនិន វ៉ាន់ដាជាអគ្គហិរញ្ញិក និងសមាជិកប្រតិបត្តិចំនួន៩រូបទៀត ។ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និង លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនដែលជាប្រធានសហព័ន្ធកីឡាប្រដាល់សាកលសុទ្ធតែប្រកាសពីការធ្វើកម្មវិធីហ្វឹកហាត់ឲ្យឯកភាពគ្នាចាប់ពីក្រុមជម្រើសជាតិរហូតដល់ក្លិបសមាគមទូទាំងប្រទេស ។ ឯកឧត្តមអគ្គអូឡាំពិក បានព្រមានថាថាសហព័ន្ធមួយខ្លាំងគឺត្រូវតែមានអគ្គលេខាធិការចេះរៀបចំយុទ្ធសាស្ត្ររៀបចំយុទ្ធសាស្ត្រគ្រប់យ៉ាងនៅក្នុងសហព័ន្ធ ៕

អត្ថបទ៖ វ៉ាន្នី

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ