កម្ពុជា ចាប់ដៃគ្នាជាមួយសហព័ន្ធកីឡាហាប់គីដូកូរ៉េ ដើម្បីពង្រឹងសមត្ថភាពអត្តពលិកឱ្យកាន់តែខ្លាំង

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹង និងពង្រីកវិស័យកីឡាហាប់គីដូនៅកម្ពុជាឱ្យទទួលបានការរីកចម្រើនថែមមួយកម្រិតទៀតនោះសហព័ន្ធកីឡាមួយនេះកំពុងចាប់ដៃគូសហការជាមួយនឹងសហព័ន្ធកីឡាហាប់គីដូកូរ៉េដើម្បីរៀបចំ​ខ្លួន​កសាង​ធនធាន​គ្រូបង្វឹកនិង​សិស្ស​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការហ្វឹកហាត់​របស់​សិស្ស​នៅតាម​សាលារៀន ក្លិប​ស្ថាប័ន ក៏ដូចជានៅតាមខេត្ត​មួយចំនួន។

លោក​សយ រតនា ដែល​បាន​ប្រឡង​ជាប់​ខ្សែក្រវាត់​ខ្មៅ ៣ ដាន់ និង​លោក​ជា វ៉ាន់សាន្ត ដែល​ទទួលបាន​ខ្សែក្រវាត់​ខ្មៅ ២ដាន់​ផ្នែក​កីឡា​ហាប់គីដូ​នៅ​ប្រទេសកូរ៉េ បាន​ចាប់ផ្តើម​បេសកកម្ម​មួយដើម្បី​បង្វឹក​សិស្សប្អូនក្នុងក្លិប​នានា​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ ដើម្បី​ពង្រឹង​សមត្ថភាពនិង​ធនធាន​គ្រូ​ចេញទៅ​បង្វឹកតាម​ស្ថាប័ន​សាលារៀន​និង​ខេត្ត​មួយ​ចំនួន។ លោក​សយ រតនា បាន​លើកឡើងថា៖ «យើង​មក​ជួបជុំ​ជាមួយ​កីឡាករ-កីឡាការិនី​វ័យក្មេង និង​សិស្ស​ប្អូន សិស្ស​ច្បងដើម្បី​រៀបបាន​នូវ​រចនាសម្ព័ន្ធ​ល្អមួយ ដើម្បី​ចាប់ផ្តើម​បេសកកម្ម​បង្វឹក​នៅតាម​ក្លិប ពិសេស នៅក្លិប​កីឡា​ហាប់គីដូ​នៃសាលា​ប្រ៊ីដបឹងត្របែក និង​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក»។ លោកបាន​បន្តថា៖ «បេសកម្ម​នេះ យើងខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ហាប់គីដូ​នៅ​សាធារណរដ្ឋ​កូរ៉េដែល​ខ្ញុំមាន​គម្រោង​សហការ​ជួយ​ហាប់គីដូ​កម្ពុជា ហេតុនេះ​មុននឹង​យើង​មានកិច្ច​ព្រមព្រៀង​ច្បាស់លាស់យើង​ត្រូវ​ពង្រឹង​សមត្ថភាព​យើង​ទាំង​សិស្ស ទាំង​គ្រូឲ្យ​បានល្អ​សិន»។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា លោក​គង់ ចាន់ធីណា បាន​និយាយថា៖ «ការមក​ទស្សនកិច្ចនិង​ពិនិត្យ​របស់​កូរ៉េ​មកដល់​កម្ពុជា បន្ទាប់ពី​ក្រុមយុវជន​ជាពលករ​កម្ពុជារស់នៅ​កូរ៉េ​ខាងលើនេះជា​សញ្ញា​ដ៏ល្អ​ដើម្បី​អូសទាញ​ហាប់គីដូកម្ពុជា​ឲ្យ​អន្ដរជាតិ ស្គាល់​កាន់តែ​ច្រើនស្របពេល​សហព័ន្ធ​កំពុងមាន​យុទ្ធសាស្ដ្រ​ពង្រីក​ខ្លួន​ទៅកាន់​ឆាក​អន្ដរជាតិ»។ ជាមួយគ្នានេះផងដែរ លោក​ជា វ៉ាន់​សាន្ត បានឲ្យ​ដឹងថា៖ «ខ្ញុំនិង​មិត្តភក្តិ​បាន​មើលឃើញ​ពីភាព​រីកចម្រើន​នៃ​កីឡា​ហាប់គីដូ​ក្នុង​ប្រទេស​កម្ពុជានិង​មានការ​ចាប់អារម្មណ៍​ធ្វើការ​បង្វឹក​ពីថ្នាក់​ថ្នាល​យុវជន ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​ក្បាច់ពិសេស​មកពី​កូរ៉េ​ដែលមាន​សភាព​ខុសគ្នា​បន្តិចបន្តួច»។ លោកសង្កត់ធ្ងន់ថា៖ « ខ្ញុំមក​មាតុ​ប្រទេស​ពេលនេះ ដើម្បី​នាំយក​នូវ​សកម្មភាព​ដ៏រីក​ចម្រើន​នាពេលនេះទៅ​រាយការណ៍​ជូនសមាគម​កីឡា​ហាប់គីដូ​កូរ៉េ ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ពួកគាត់​មកកាន់​កម្ពុជាជាផ្លូវការ​នៅ​ចុងខែ​កុម្ភៈ ខាងមុខ​ដែលជា​គម្រោង​របស់​ភាគី​កូរ៉េ ដើម្បីជួយ​ជ្រោមជ្រែង​កីឡា​ហាប់គីដូ​កម្ពុជាឱ្យកាន់តែ​មានមុខ​មាត់​លើឆាក​អន្ដរជាតិ និង​បង្កើត​បានជា​គ្រួសារ​កីឡា​ហាប់គីដូ​កម្ពុជា ដ៏ធំ​មួយនា​ថ្ងៃ​អនាគត​ផង»៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ