វៀត ប៊ុនឌឿន -បឺត សង្ឃឹម-ជ័យ ប៊ុនសង និង តាំង សីហា នរណាខ្ទាតចេញពី TV5 Boxing Knock-Out Serie ?

ភ្នំពេញ៖ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie សម្រាប់យប់ថ្ងៃទី៤ ខែកុម្ភៈនេះគឺជាការប្រកួតបញ្ចប់វគ្គជម្រុះជុំទី ២ ហើយ ។ កៅអីចំនួន ២ ចុងក្រោយសម្រាប់ការប្រកួតជម្រុះវគ្គទី៣ បន្តទៀតនោះកំពុងរង់ចាំអ្នកខ្លាំង ២ រូបក្នុងចំណោម ៤រូបគឺខៀត ប៊ុនឌឿន (សមាគមប្រដាល់ក្រសួងការពារជាតិ) បឺត សង្ឃឹម (ក្លិបរ៉ាហាប់ស្វាយប៉ាក) ជ័យ ប៊ុនសង់ (ក្លិបគីសែមានរិទ្ធ) និង តាំង សីហា (ក្លិបកងពលតូចលេខ៧០) ។ វៀត ប៊ុនឌឿនត្រូវជួបប្រកួតជាមួយអ្នកប្រដាល់បឺត សង្ឃឹម ។ អ្នកប្រដាល់ទាំង ២ រូបនេះទោះបីប៊ុនឌឿនស្គាល់សង្វៀនប្រដាល់មុនសង្ឃឹមក៏ពិតមែនតែសង្ឃឹមជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលគេកំពុងចាប់អារម្មណ៍ខ្លាំងណាស់ដោយសារតែរបៀបវ៉ៃគេល្អ និង រហ័សរហួន ។តាមពិតកាលពីជិតមួយឆ្នាំមុនអ្នកប្រដាល់ទាំង ២រូបនេះធ្លាប់ជួបប្រកួតគ្នាម្ដងហើយដែលកាលនោះប៊ុនឌឿនវាយប្រហារជើងក្រោមរបស់សង្ឃឹមឲ្យខូចមុនទឹកទី ៥ មិនអាចបន្តការប្រកួតបានទៀត ។សម្រាប់លើកនេះសង្ឃឹមមិនមែនដូចលើកមុនឡើយ ចាំមើលនរណាដណ្ដើមបានកៅអីសម្រាប់ជុំទី ៣ទៀត ។ ប៊ុនឌឿនកាលប្រកួតជម្រុះជុំទី ១ ឈ្នះម៉ន លីហយរក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ ឯ បឺតសង្ឃឹមវិញឈ្នះឆាយ មាសដែលជាអ្នកប្រដាល់ជើងចាស់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុដែរ ។

ចំពោះជ័យ ប៊ុនសង់វិញត្រូវតស៊ូជាមួយតាំង សីហាដើម្បីកៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី ៣ដែរ ។ ប៊ុនសង់ជាអ្នកប្រដាល់មួយរូបដែលលំបាកទុកចិត្តណាស់ព្រោះពេលខ្លះគេវ៉ៃល្អឥតខ្ចោះតែម្ដង តែពេលខ្លះវ៉ៃមហាសែនអន់ ។តាំង សីហាវិញគេជាអ្នកប្រដាល់ជើងថ្មីតែនៅពេលប្រកួតគេដឹតតែវាយលុករហូតតែម្ដងអញ្ចឹងហើយទើបមានអ្នកប្រដាល់ជើងចាស់មិនតិចទេត្រូវជួបបរាជ័យដោយសារតែគេបុកមិនមានពេលដកដង្ហើមនោះ ។ ការវ៉ៃចេញរបស់អ្នកប្រដាល់រូបនេះធ្ងន់តែគេប្រើកម្លាំងខ្ជះខ្ជាយណាស់ ។កាលប្រកួតជម្រុះនៅជុំទី ១ ប៊ុនសង់ឈ្នះពិន្ទុអ្នកប្រដាល់ម៉ឺន ដាក្លិបខ្លារខិនមានរិទ្ធ ឯ សីហាវិញឈ្នះពិន្ទុសេនកុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ។ជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងដូចគ្នាកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី ៣ដែលនៅសល់អ្នកប្រដាល់តែរូបនោះបានទៅជ័យ ប៊ុនសង់ ឬ តាំង សីហា ?

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ