ការពារជាតិមានដៃគូសហការរៀបចំពាន Asia Pre-Season មកពីសិង្ហបុរី

ភ្នំពេញ៖ ក្លឹបក្រសួងការពារជាតិ បានកំណត់គោលដៅរៀបចំពានរង្វាន់បាល់ទាត់មិត្តភាពក្លឹបអាស៊ី Asia Club Pre-Season Championship រយៈពេល ៤ឆ្នាំ បន្ទាប់ពីទទួលបានដៃគូសហការជាមួយក្រុមហ៊ុនកីឡាដ៏ល្បីរបស់សិង្ហបុរី Rhino Sport SG ដែលភាគីទាំងពីរទើបប្រកាសចុះអនុស្សារណៈយោគយល់គ្នា(MOU) នៅក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារហ៊ីម៉ាវ៉ារីកាលពីម្សិលមិញ ។
លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ បានថ្លែងថា MOU ខាងលើ គឺផ្ដោតតែលើការរៀបចំព្រឹត្តិការណ៍ Asia Club Pre-Season Championship ប៉ុន្ដែនឹងទទួលបានមកវិញនូវផលប្រយោជន៍ជាច្រើន សម្រាប់វិស័យបាល់ទាត់កម្ពុជា ក៏ដូចជាក្លឹបក្រសួងការពារជាតិផ្ទាល់ ដែលផ្ដល់ឱកាសឲ្យក្លឹបក្នុងស្រុកបានប្រកួតជាមួយបណ្ដាលក្លឹបក្នុងតំបន់ ដើមម្បីវាស់ស្ទង់សមត្ថភាព និងជំរុញការរីកចម្រើនក្នុងក្លឹបផ្ទាល់ ។

លោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះកិច្ចសហការរវាងភាគីទាំងពីរខាងលើផងដែរ ក្នុងឱកាសលោកចូលរួមធ្វើជាសាក្សីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាខាងលើ ។ លោកបន្ដថា កិច្ចសហការនេះដែរ គឺជាផ្នែកមួយដ៏ល្អ ដែលជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចម្រើនបន្ថែមទៀត ។គួរបញ្ជាក់ថា ការចុះ MOU នេះ បានធ្វើឡើងស្របពេលក្លឹបក្រសួងការពារជាតិ ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asia Club Pre-Season Championship 2017 លើកទី១ ចាប់ពីថ្ងៃទី០១-០៥ ខែកុម្ភៈខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដោយមាន ៤ក្រុមចូលរួម គឺមានក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ក្រុម Warriors មកពីលីគកំពូលរបស់សិង្ហបុរី និងក្រុម Air Asia Allstars មកពីប្រទេសម៉ាឡេស៊ី ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ