គ្រូភ្នំពេញក្រោន ថាចាញ់ Home United ៤-៣ កំហុសមកពីខ្សែការពារ!

ភ្នំពេញ៖ លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការរបូតគ្រាប់បាល់ជាបន្ដបន្ទាប់ រហូតចាញ់ក្រុមភ្ញៀវ Home United របស់សិង្ហបុរីទាំងប្រផិតប្រផើយជាមួយនឹងលទ្ធផល ៤-៣ នៃជំនួបជើងទី១ វគ្គ Play-Off ពានរង្វាន់ AFC Cup 2017 លើទឹកដីរបស់ខ្លួន នាយប់ថ្ងៃទី៣០ ខែមករានេះ ព្រោះលោកយល់ថា ការគ្រាល់បាល់បរាជ័យ ៣គ្រាប់កើតឡើងដោយសារកំហុសរបស់ខ្សែការពារ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតភ្លាមៗ គ្រូបង្វឹកសញ្ជាតិខ្មែររូបនេះ បាននិយាយថា «ការប្រកួតថ្ងៃនេះ កីឡាករបានបង្ហាញឆន្ទៈលេងជាក្រុមបានល្អ…។ ប៉ុន្ដែយើងអត់សប្បាយចិត្តរឿងខ្សែការពារ ព្រោះគ្រាប់បាល់ជ័យជម្នះទាំង ៤គ្រាប់របស់ក្រុម Home United ខ្ញុំវាយតម្លៃបានថាមាន ៣គ្រាប់បានកើតឡើងដោយសារយើងការពារអត់បានត្រឹមត្រូវ ។ ដូច្នេះវាគឺជាចំណុចខ្វះខាតមួយ ដែលយើងត្រូវស្វែងយល់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតជើងទី២ នាពេលថ្ងៃទី០៧ ខែកុម្ភៈខាងមុខ» ។

គួរបញ្ជាក់ថា ការប្រកួតជើងទី១ រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុម Home United ដែលទើបបញ្ចប់ការប្រកួតមុននេះ គឺក្រុមភ្ញៀវរបស់សិង្ហបុរីជាអ្នកទទួលបានជ័យជម្នះ ក្នុងនោះគ្រាប់បាល់ទី១ រកបានដោយបាល់ពិន័យ ១១ម៉ែត្រពីកីឡាករ Faris នៅនាទីទី៣៤ និងគ្រាប់ទី២ រកបាននៅនាទី៣៦ ។ ចំណែកគ្រាប់ទី៣ គឺកើតឡើងដោយសារកំហុសរបស់ខ្សែការពារភ្នំពេញក្រោន(Own Goal) ខណៈគ្រាប់ទី៤ ក៏ជាកំហុសរបស់ខ្សែការពារបិទមិនបានល្អ ធ្វើឲ្យ Muhammad Yacob មានឱកាសបន្ថែមគ្រាប់ជ័យជម្នះឲ្យ Home United តែម្ដង ។

ដោយឡែកគ្រាប់បាល់តាមពីក្រោយទាំង ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន គឺធ្វើសម្រេចដោយកីឡាករជនជាតិជប៉ុន Futa Nakamura រកបានៅនាទី៤៥, កីឡាករ កែវ សុខង៉ន ទាត់បាល់ពីចម្ងាយយ៉ាងស្អាតនៅនាទី៨៤ និងមួយគ្រាប់ចុងក្រោយធ្វើបានសម្រេចដោយកីឡាករអាហ្វ្រិកខាងត្បូង Booysen Shane នៅនាទី៩០+៥ ។ ប៉ុន្ដែយ៉ាងណាក្រុមភ្នំពេញក្រោន ក៏នៅមានសង្ឃឹមសម្រាប់ការប្រកួតជើងទី២ ក្រៅទឹកដីផងដែរ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គបន្ដនៃពាន AFC Cup 2017 នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ