មជ្ឈមណ្ឌលកីឡាប្រដាល់យុវជនជំនាន់ថ្មីបើកទ្វារទទួលសិស្សចូលហ្វឹកហាត់ជាផ្លូវការហើយ!

ភ្នំពេញ៖ មជ្ឈមណ្ឌលកីឡាប្រដាល់យុវជនជំនាន់ថ្មីដែលស្ថិតនៅភូមិកុមារអារុណរះនាឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្ដាលនោះបានបើកទ្វារទទួលយកកីឡាករប្រដាល់កម្រិតថ្នាលចូលហ្វឹកហាត់ហើយនៅព្រឹកថ្ងៃទី៣០ ខែមករានេះ។ ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា រួមជាមួយឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏ដូចជាលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកយី សុខសាន្ដដែលជាតំភូមិកុមារអារុណរះបានអញ្ជើញចូលរួមក្នុងពិធីទទួលកីឡាថ្នាលចំនួន ១២រូបឲ្យចូលហ្វឹកហាត់ ។គួរបញ្ជាក់ថា អ្នកប្រដាល់ទាំង១២រូបនេះមានអាយុចាប់ពី១២ទៅក្រោម១៧ឆ្នាំដែលពួកគេបានទទួលរបបអាហារពីក្រសួងអប់រំយុវជន និងកីឡា ដោយពួកគេហ្វឹកហាត់ផ្ទាល់ពីលោកអាត សំរិត និង លោកឡុង ស៊ីលីនដែលជាគ្រូជំនួយ ។ ពួកគេជាអ្នកប្រដាល់ដែលត្រៀមសម្រាប់ឆ្នាំ២០២៣ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games ។ លោកយី សុខសានបានមានមតិថាពេលនេះក្ដីស្រមៃបានក្លាយជាការពិតហើយពួកគេមិនត្រឹមតែជាអ្នកប្រដាល់ប៉ុណ្ណោះទេតែគេក្លាយជាសមាជិកនៃគ្រួសារភូមិកុមារអារុណរះ ។ពួកគេបានទទួលការស្នាក់នៅ ហូបចុក និងសិក្សានៅទីនេះ ។
ឯកឧត្តមអ៊ុក សិទ្ធិជាតិមានប្រសាសន៍ដែរថានេះជាការត្រៀមខ្លួនដ៏ល្អមួយរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាសម្រាប់ឆ្នាំ២០២៣ ។ ឯកឧត្តមបន្តថាក្រសួងអប់រំយុវជន និង កីឡាអគ្គនាយកដ្ឋានកីឡាគាំទ្រ ទាំងធនធា ន និងថវិកាចំពោះសកម្មភាពបែបនេះ ។ ឯកឧត្តមឧត្តមសេនីយ៍តែម ម៉ឺនក៏បានមានប្រសាសន៍ដែរថានេះជាមោទនភាពណាស់ដែលពេលនេះសហព័ន្ធកីឡាប្រដាល់កម្ពុជាមានអគារហ្វឹកហាត់ផ្ទាល់ខ្លួនដើម្បីងាយស្រួលបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេង ។ ទីនេះមិនត្រឹមតែបណ្ដុះបណ្ដាលកីឡាប្រដាល់ស្ម័គ្រចិត្តប៉ុណ្ណោះទេតែក៏បណ្ដុះបណ្ដាលកីឡាអាជីពបន្ថែមទៀត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ