AFC Cup៖ កែវ សុខផេង ថាប៉ះ Home United ល្ងាចនេះ គឺជាប្រកួតដ៏សំខាន់បំផុត!

ភ្នំពេញ៖ កីឡាករស្នូលរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន កែវ សុខផេង បានលើកឡើងថា ជំនួបជើងទី១ ពានរង្វាន់ AFC Cup 2017 ជាមួយក្រុម Home United របស់សិង្ហបុរីល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ និងត្រូវការឈ្នះដាច់ខាត ដើម្បីងាយស្រួលក្នុងការប្រកួតក្រៅដីជើងទី២ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ។  ថ្លែងក្នុងសន្និសីទមុនការប្រកួតពីម្សិលមិញខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ បាននិយាយថា «ការប្រកួតជើងទី១នេះ គឺសំខាន់បំផុត ហើយជើងទី២ ក៏សំខាន់ដូចគ្នា ប៉ុន្ដែយើងត្រូវការជ័យជម្នះជើងទី១ ដើម្បីងាយស្រួលពេលប្រកួតលើទឹកដីរបស់សិង្ហបុរីវិញ យើងងាយក្នុងការពង្រឹងតំបន់ការពារ ដើម្បីស្វែងរកកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Cup 2017 នេះ» ។ ប៉ុន្ដែទន្ទឹមនឹងលើកឡើងខាងលើ កីឡាករមកដើមកំណើតមកពីខេត្តក្រចេះរូបនេះ ក៏បានបង្ហាញពីក្ដីបារម្ភមួយចំនួន ពាក់ព័ន្ធនឹងកីឡាករវ័យក្មេងក្នុងក្រុមផងដែរ ។ សុខផេង បានបន្ថែមថា មួយរយៈចុងក្រោយនេះ ដោយសារការពុំទាន់លេងត្រូវគ្នា ណាមួយកីឡាករក្មេងៗ ដូច្នេះទម្រង់លេងមិនទាន់ល្អប្រសើរនោះទេ ប៉ុន្ដែក្រោយការបោះជំរុំហ្វឹកហាត់មួយសប្ដាហ៍នៅសាលាបាល់ទាត់ជាតិបាទី ទើបទម្រង់លេងមានភាពល្អប្រសើរវិញ ។ ជាមួយគ្នានោះណាលោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានទទួលស្គាល់ពីសមត្ថភាពរបស់ក្រុម Home United ថាជាក្រុមខ្លាំង និងធ្លាប់មានបទពិសោធន៍លេងក្នុងពាន AFC Cup ជាច្រើនលើក ។ ចំណែកភ្នំពេញក្រោនមានកីឡាករក្មេងៗច្រើន ហេតុនេះវាគឺជាការពិបាកខ្លាំងណាស់ សម្រាប់ការប្រកួតជើងទី១ ជាមួយក្រុម Home United ល្ងាចនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ