ប្រាក់រង្វាន់ចំនួន ២៤៧ លានរៀលត្រូវបានប្រគល់ជូនជ័យលាភីដែលឈ្នះក្នុងការប្រកួតអន្តរជាតិ

ភ្នំពេញ៖ ទឹកប្រាក់ចំនួន២៤៧លានរៀលត្រូវបានឯកឧត្តមហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាប្រគល់ជូនជ័យលាភីចំនួន៥ប្រភេទកីឡាដែលដណ្ដើមបានមេដាយក្នុងការប្រកួតនៅក្រៅប្រទេស ។ លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថាលុយរង្វាន់នេះផ្ដល់ជូនតាមរយៈប្រកាសអន្តរក្រសួង ។ ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាមានប្រសាសន៍ឲ្យដឹងថាការចេញទៅប្រកួតនេះមាន៦ ប្រភេទកីឡាតែមាន៥ប្រភេទកីឡាដែលដណ្ដើមបានមេដាយ ។ កីឡាទាំង ៥ប្រភេទនោះមានប៉េតង់ដែលចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ 18th University Games នៅសឹង្ហបូរីដែលបានមេដាយមាស ៣ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ២គ្រឿងនិងកីឡាវាយកូនឃ្លីលើតុដែលដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍នេះដែរ ។ ប្រភេទកីឡាការាតេ-ដូដណ្ដើមបានមេដាយប្រាក់ ១ គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី ៥នៅប្រទេសម៉ាឡេស៊ី ។ប្រភេទកីឡាតេក្វាន់ដូ WTF(World Taekwondo Federation)ដែលដណ្ដើមបានមេដាយសំរិទ្ធ ១ គ្រឿងពីព្រឹត្តិការណ៍ Children of Asian Internatinal Sports Games លើកទី ៦នៅទីក្រុងYakutsk នៃសហព័ន្ធរុស្ស៊ី ។
ប្រភេទកីឡាវប្បកម្មដណ្ដើមបានមេដាយមាស ១ គ្រឿង និង សំរិទ្ធ ១ គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣នៅប្រទេសថៃ ។ ប្រភេទកីឡា Solf Tennis ដែលដណ្ដើមបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសាក្រុមពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ី ។ ឯកឧត្តមហង់ ជួនណារ៉ុនមានប្រសាសន៍ដោយខ្លីថាត្រូវតែខិតខំបន្តការហ្វឹកហាត់ឲ្យបានខ្លាំងបន្ថែមទៀតដើម្បីបានទទួលប្រាក់រង្វាន់លើកទឹកចិត្តនេះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ