អ្នកប្រដាល់ខ្មែរ ៥ រូបត្រូវប្រយុទ្ធតទល់ជាមួយអ្នកប្រដាល់ថៃលើសង្វៀន CNC និង CTN សប្ដាហ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់ខ្មែរ ៥រូបបានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ថៃលើសង្វៀនទាំង ២ របស់ក្រុមហ៊ុន CBS គឺសង្វៀន CTN និង  CNC នាថ្ងៃទី២៨ ខែមករាខាងមុខ នេះកឺជាការតស៊ូលើសង្វៀន ២ ផ្សេងគ្នាដោយលើសង្វៀន CTN អ្នកប្រដាល់មិនសូវល្បីឈ្មោះភិន សុទី មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ដោយត្រូវជួបជាមួយអ្នកប្រដាល់ថៃ Lakchhai Sor Sisimphung  ។ កីឡាករកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៣៧ដង ឈ្នះ២៥ដង ចាញ់១០ដង និងស្មើពិន្ទុ ២ដងព្រមទាំងវាយគូប្រកួតឲ្យសន្លប់បាន ១៣ ដង ។ ចំពោះអ្នកប្រដាល់ថៃ Lakchhai Sor Sisimphung  វិញមានប្រវត្តិប្រកួតចំនួន ៥៥ដង ឈ្នះ៤០ ដង ចាញ់១៣ដងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បាន៥ដង ។ ដូច្នេះចាំមើលតើអ្នកប្រដាល់មិនសូវល្បីឈ្មោះខ្មែរអាចឈ្នះអ្នកប្រដាល់ថៃបានឬទេ ?
មួយគូទៀតនោះគឺ កីឡាករ បឺត សង្ឃឹម ដែលជាអ្នកខ្លាំងជំនាន់ថ្មីរបស់ក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Vigo Sor Danchhai ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន៥០ដងឈ្នះ៣៧ដង ចាញ់១១ដង ស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់១៦ដងនោះកែង និងជង្គង់របស់គេជាអាវុធសម្រាប់ផ្ដួលគូប្រកួតយ៉ាងមានប្រសិទ្ធិភាពបំផុត ។ ចំពោះ Vigo Sor Danchhai ក៏មិនអន់ដែរ ព្រោះគេជាអ្នកប្រយុទ្ធឆ្លងដែនដែលវ៉ៃមិនប្រកាន់ទឹកដីនោះទេ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៥ដង ចាញ់១០ដង និង វាយគូប្រកួតឲ្យសន្លប់៦ដង ។

ចំពោះការប្រកួតលើសង្វៀន CNC វិញនោះអ្នកប្រដាល់វ័យក្មេងកម្ពុជាហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Phanit Sor Sisumphung ក្នុងប្រភេទទម្ងន់៥១ គីឡូក្រាម ។ អ្នកប្រដាល់ទាំង ២ រូបនេះមានវ័យក្មេងៗមែនតែប្រវត្តិប្រកួតរបស់គេអស្ចារ្យណាស់ ។ សេរីមានប្រវត្តិប្រកួតចំនួន៤៩ដង ឈ្នះ៤៣ដង ចាញ់៤ដង ស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់៨ដង ចំណែកឯ Phanit Sor Sisumphung វិញមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៥ដង ចាញ់១៨ដងស្មើពិន្ទុ២ ដងនិង វាយគូប្រកួតឲ្យសន្លប់បាន៨ដង ។ រីឯសុខ សុវណ្ណ មកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Wath Chharakdeth Sor Danchhai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់កម្ពុជាសុខ សុវណ្ណ គឺជាអ្នកប្រដាល់ជើងចាស់មួយរូបដែលមានប្រវត្តិវាយឆ្លងដែនមិនធម្មតាឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៧៣ដង ចាញ់១៨ដងស្មើពិន្ទុ៨ដង និង វាយគូប្រកួតឲ្យសន្លប់បាន២២ដង ។ ចំពោះ Wath Chharakdeth Sor Danchhai វិញធ្លាប់ឡើងសង្វៀនប្រកួតបានចំនួន៨៨ដង ឈ្នះ៦៦ដង ចាញ់១៧ដង ស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បាន២០ដង ។

ដោយឡែក សរ រាជសីហ៍ មកពីក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង នឹងជួបជាមួយអ្នកប្រដាល់ថៃ Yorth Sit Famai ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ រាជសីហ៍មានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៤៧ដង ចាញ់១៥ដងស្មើពិន្ទុ១ដង និង វាយគូប្រកួតឲ្យសន្លប់បាន៨ដង ។ ចំពោះ Yorth Sit Famai វិញមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៥ដង ចាញ់១៥ដងស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់១២ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ