ប្រទេសឥណ្ឌាបបួលភាគីកម្ពុជាពង្រឹងល្បែងអ៊ូដើម្បីឈានទៅដល់ការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ

ភ្នំពេញ៖ សមាគមកីឡាលេងអ៊ូរបស់ឥណ្ឌាបានបបួលកម្ពុជាបង្កើតល្បែងអ៊ូឱ្យកាន់តែរឹងមាំថែមទៀតព្រោះប្រភេទកីឡានេះក៏ត្រូវបានគេដាក់ឲ្យមានការប្រកួតកម្រិតជើងឯកទ្វីបអាស៊ីដែរ ។ កាលពីអតីតកាលល្បែងអ៊ូដែលភាសាឥណ្ឌាហៅថា Kabbadi នោះគឺជាប្រភេទល្បែងមួយដែលអ្នកជនបទនៅកម្ពុជានិយមលេងគ្រាន់បើដែរពិសេសក្មេងៗលេងពេលទៅឃ្វាលគោហើយជួនកាលទៀតចាស់ៗលេងនៅរដូវបញ្ចប់ការច្រូតកាត់ ឬបោកបែនស្រូវចប់ជាដើម ។ យ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នល្បែងនេះនៅកម្ពុជាមិនសូវមាននរណាលេងទៀតទេព្រោះបន្ទាប់ពីបង្ហើយការងារគេនិយមមើលទូរទស្សន៍វិញម្ដង ។

កីឡាប្រភេទនេះនៅឥណ្ឌាគេនិយមលេងច្រើនហើយឥណ្ឌគេហៅថា Kabbadi ឬ Chadukudu រីឯកម្ពុជាហៅថាអ៊ូ នៅបង់ក្លាដេសគេហៅថា Hadudu ប្រទេសម៉ាល់ឌីវគេហៅថា Bhavativ ជាដើម ។ ទោះបីនៅកម្ពុជាគេហាក់ដូចជាភ្លេចកីឡាប្រភេទនេះពិតមែន ក៏នៅក្នុងព្រឹត្តិការណ៍ ASIAN Games មានដាក់បញ្ចូលឱ្យធ្វើការប្រកួតប្រជែងគ្នា ព្រមទាំងមានបែងចែកជាការប្រកួតជាច្រើនទៀតដូចជា៖ ASIA Kabbadi Cup, Kabbadi World Cup, Women Kabbadi Wolrd Cup, Pro Kabbadi League, UK Kabbadi Cup និង World Kabbadi League ជាដើម ។ សូមបញ្ជាក់ថា កាលពីការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៣៦ នៅទីក្រុងប៊ែរឡាំងប្រភេទកីឡានេះត្រូវបានគេយកទៅបង្ហាញជាលើកដំបូង លុះដល់ចន្លោះឆ្នាំ១៩៣៨ ដល់ឆ្នាំ១៩៥០ ប្រជាជនឥណ្ឌាបានចាប់ផ្ដើមបបួលគ្នាលេងកីឡានេះគ្រប់តំបន់ហើយក្នុងឆ្នាំ១៩៧២ សហព័ន្ធកីឡាKabbadi ត្រូវបានបង្កើតជាលើកដំបូងនៅឥណ្ឌាហើយក៏មានការប្រកួតជើងឯកជាតិជាលើកទី១ ដែរ ។ ក្រោយមកនាឆ្នាំ១៩៧៩ មានការប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងរវាងឥណ្ឌា និងបង់ក្លាដេស ។

ល្បែងអ៊ូ ឬ Kabbadi នេះមិនកំនត់ចំនួនប៉ុន្មានទេគឺអាស្រ័យទៅលើការឯកភាពគ្នារវាងអ្នកលេងជាមួយអ្នកលេង ឬ បទបញ្ជាដែលគេចែងឡើងសម្រាប់ព្រឹត្តិការណ៍នីមួយៗ ប៉ុន្តែជាធម្មតាចំនួនអ្នកចូលរួមប្រហែលជាមិនលើសពី ៥នាក់នោះទេ ។ កីឡាប្រភេទនេះសម្រាប់បុរសលេងលើទីលានទំហុំ ១០ម៉ែត្រ គុណ ១៣ម៉ែត្រ ឯទីលានសម្រាប់នារីគឺទំហុំ ៨ម៉ែត្រ គុណ១២ម៉ែត្រ ចំណែកការប្រកួតមានរយៈពេល ២០នាទី ។ របៀបលេងទៀតសោតក៏មិនខុសគ្នាពីអ៊ូខ្មែរឡើយគឺភាគីម្ខាងស្រែអ៊ូចូលទៅទឹកដីគូប្រកួតតែត្រូវរក្សាដង្ហើមមិនឲ្យដាច់ហើយត្រូវព្យាយាមទះឲ្យចំគូប្រកួតហើយរត់ចេញមកដីខ្លួនឯងវិញ ។ ចំពោះភាគីម្ខាងទៀតត្រូវខិតខំចាប់គូប្រកួតរបស់ខ្លួនកុំឲ្យចេញមករួចវិញ ឬ ចាំឲ្យគូប្រកួតដាច់ដង្ហើមនោះគេនឹងឈ្នះ ។សូមបញ្ជក់ផងដែរថា អ្នកលេងកីឡាអ៊ូនេះបើជាអ្នកធ្លាប់លេងកីឡាចំបាប់នោះគេនឹងពូកែក្នុងការចាប់គូប្រកួតតែម្ដង ។

នាពេលខាងមុខនេះកម្ពុជាក៏នឹងមានសមាគមកីឡាអ៊ូដែរតែពេលនេះអ្វីៗមិនទាន់រៀបចំរចនាសម្ព័ន្ធនៅឡើយទេ ។ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាកីឡា Kabbadi នេះមិនត្រឹមតែមានប្រជាប្រិយភាពនៅឥណ្ឌាប៉ុណ្ណោះទេតែប្រទេសជាច្រើននៅលើពិភពលោកគេនិយមលេងកីឡានេះដែរហើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ