កីឡាករកម្ពុជា ២ រូបត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ-ឡាវ ដើម្បីឡើងវគ្គបន្តខ្សែក្រវាត់ខារ៉ាបាវ

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៨គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលនាថ្ងៃទី២៨ ខែមករានេះ កីឡាករ ឡុង សុវណ្ណឌឿន របស់ក្លិបសាលវ័ន្ដកីឡាត្រូវជួបជាមួយអ្នកប្រដាល់ថៃ Keng Kat ខណៈដែលអ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នា ពោលគឺ ២ប្រកួតក្នុងព្រឹត្តិការណ៍នេះពួកគេបានឈ្នះទាំង ២ ប្រកួតដូចគ្នា ។ កីឡាករ Keng Kat ធ្លាប់ឈ្នះដោយពិន្ទុលើពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស និង រឿង សោភ័ណ្ឌ របស់ក្លិបម្កុដរាជសីហ៍ ។ ចំពោះសុវណ្ណ ឌឿនវិញ បានឈ្នះពិន្ទុអ្នកប្រដាល់ឡាវ Thav Oulan  និង អ្នកប្រដាល់ថៃ Sang Yout រួចមកហើយ ។
អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៨២ដង ចាញ់៩ដង ស្មើពិន្ទុ ៥ដង និង វាយគូប្រកួតឲ្យសន្លប់៥ដង ជាមួយគ្នានេះ កណ្ដាប់ដៃ ជង្គង់ ទាត់ និង កែងជាអាវុធដែលគេតែងតែប្រើយ៉ាងមានប្រសិទ្ធិភាព ។ ចំពោះ Keng Kat វិញជង្គង់របស់គេវ៉ៃចេញម្ដងៗចំគោលដៅបានល្អណាស់ ជាមួយគ្នានេះកណ្ដាប់ដៃ និងកែងរបស់កេក៏មិនស្រួលទប់ទល់ដែរ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៧០ដង ចាញ់១០ និង ស្មើពិន្ទុ ១ ដង ។
មួយគូទៀតនោះគឺ  អ៊ុំ ចំរើនមកពីក្លិបតាឡីដំរីមានរិទ្ធ និង អ្នកប្រដាល់ឡាវ Thav Poulakvong ដែលមិនទាន់ស្គាល់ឈ្នះដូចគ្នាក្នុងព្រឹត្តិការណ៍នេះនឹងត្រូវជួបគ្នានៅថ្ងៃនោះដែរ ។  កីឡាករ អ៊ុំ ចំរើន ឆ្លងកាត់ ២ ប្រកួតរបស់គេសុទ្ធតែចាញ់ដោយសន្លប់និងមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧០ដង ចាញ់ ៣២ដង ។ ចំពោះ Thav Poulakvong វិញគេជាអ្នកប្រដាល់ដែលពូកែប្រើជើងធាក់គូប្រកួតណាស់ ។ គេមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៨១ដង ចាញ់២០ដង ស្មើពិន្ទុ២ដង ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ