ធារី ចន្ថាប៊ីន៖ «លីគថៃជាកន្លែងដកស្រង់បទពិសោធន៍ដើម្បីពង្រឹងវិស័យបាល់ទាត់អាស៊ានឱ្យកាន់តែខ្លាំងថែមទៀត!»

ថៃ៖ អតីតខ្សែបម្រើរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលទើបតែចូលរួមជាមួយក្លឹប Krabi FC របស់ប្រទេសថៃនោះបានលើកឡើងថា បន្ទាប់ពីបានចំណាយពេលហ្វឹកហាត់នៅក្នុងប្រទេសនេះបានមួយរយៈរួចមក ក៏ដូចជាដោយពិនិត្យទៅលើភាពជាក់ស្តែងនៃសម័យកាលនេះ គេអាចនិយាយបានថា លីគនៃប្រទេសថៃគឺជាកម្លាំងឈានមុខមួយដែលនឹងអាចជួយពង្រឹងវិស័យបាល់ទាត់នៃតំបន់អាស៊ានឱ្យកាន់តែខ្លាំងៗថែមទៀត ខណៈដែលមហាជនទូទៅក៏បានសម្តែងការកោតសរសើរ និងមើលឃើញយ៉ាងច្បាស់ថាប្រទេសជិតខាងកម្ពុជាមួយនេះទទួលបានភាពជោគជ័យជាច្រើនក្នុងផ្នែកកីឡាបាល់ទាត់ ឬអាចនិយាយបានថាជាក្រុមខ្លាំងជាងគេមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ។
កីឡាករសញ្ជាតិខ្មែរ-បារំាងរូបនេះបានថ្លែងថា៖ « ខ្ញុំមិនបានដឹងថា ខ្ញុំជាកីឡាករអាស៊ានទីប៉ុន្មានទេដែលបានមកលេងនៅក្នុងប្រទេសថៃនេះ ប៉ុន្តែខ្ញុំគិតថា ទីនេះគឺជាកន្លែងដកស្រង់បទពិសោធន៍ដ៏ល្អមួយ ដូច្នេះវាពិតជាឱកាសដ៏ល្អក្នុងការរៀនសូត្រនូវអ្វីថ្មីៗបន្ថែមទៀត ហើយខ្ញុំយល់ថាសម្រាប់កីឡាករដូចជាពួកយើង ចំណេះដឹងទាំងនេះនឹងអាចជួយឱ្យយើងបានស្ថាបនាក្លឹបក៏ដូចជាក្រុមជម្រើសជាតិរបស់ខ្លួនឱ្យកាន់តែខ្លាំងថែមទៀត ។ ខ្ញុំគិតថាការកំណត់កូតាបន្ថែមកីឡាករអាស៊ាននៅតាមក្លឹបនីមួយៗនៅក្នុុងប្រទេសថៃគឺជាផែនការល្អមួយដែលនាំឱ្យមានការកកើតនូវធនធានល្អៗជាច្រើនសម្រាប់ប្រទេសនានាក្នុងតំបន់ ហើយទីនេះនឹងរួមចំណែកពង្រឹងវិស័យបាល់ទាត់អាស៊ានឱ្យកាន់តែមានសន្ទុះឈានឡើងកាន់តែខ្លំាងជាមិនខាន ។ »
សូមបញ្ជាក់ថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានសម្រេចចិត្តចូលទៅលេងនៅក្នុងលីគទី២ នៃប្រទេសថៃ បន្ទាប់ពីបានបញ្ចប់កុងត្រាជាមួយក្លឹបភ្នំពេញក្រោនកាលពីចុងឆ្នាំ២០១៦ កន្លងទៅ យ៉ាងណាក៏ដោយរូបគេបានប្រកាសថា នឹងនៅតែបន្តជួយក្រុមជម្រើសជាតិកម្ពុជាជានិច្ចឱ្យតែមានការកោះហៅពីគ្រូបង្វឹកដោយមិនបោះបង់ការរួមចំណែដើម្បីជាតិនោះទេ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ