កម្ពុជាមាន Ranking ទាបជាងគេក្នុងពូលC នៃពាន AFC Asian Cup 2019

ភ្នំពេញ៖ សម្រាប់លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូក សម្រាប់វគ្គជម្រុះជុំទី៣ នៃពានរង្វាន់ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019 កាលពីយប់មិញ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមសុទ្ធតែខ្លាំងៗ ពោលគឺបើគិតពីចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) វិញ គឺក្រុមគោព្រៃកម្ពុជានេះ មានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងពូល ។

ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងឈរចំណាត់ថ្នាក់លេខ១៧២ ពិភពលោក ស្ថិតពូលជាមួយក្រុមជម្រើសជាតិហ្សកដានី មានចំណាត់ថ្នាក់លេខ១០៧, ក្រុមជម្រើសជាតិវៀតណាម មានចំណាត់ថ្នាក់លេខ១៣៦ និងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន មានចំណាត់ថ្នាក់ពិភពលោកលេខ១៥១ ។ នេះគឺបង្ហាញឲ្យឃើញពីសម្ពាធមួយសម្រាប់គោព្រៃកម្ពុជា ដែលពុំដឹងច្បាស់ពីសមាសភាពគ្រូបង្វឹកអាណត្តិថ្មីនៅឡើយ ។

គួរបញ្ជាក់ថា វគ្គជម្រុះជុំទី៣ នៃពាន AFC Asian Cup UAE 2019 គឺមាន ២៤ក្រុម ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ ដែលនឹងចាប់ផ្ដើមការប្រកួតដំណាលគ្នាចាប់ពីចុងខែមីនាខាងមុខ ។ ចំណែកក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបប្រកួតបើកឆាកជាមួយក្រុមខ្លាំងហ្សកដានី ក្រៅទឹកដីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ