កីឡាការិនីជនពិការកម្ពុជាឈ្នះមេដាយប្រាក់ ១ គ្រឿងក្នុងការប្រកួតដែលមាន ៤០ ប្រទេសចូលរួម

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះកីឡាការិនីជនពិការរបស់កម្ពុជា សៅ ធីតា បាននាំយកមេដាយប្រាក់ផ្នែកកីឡាស្គីជិះរទេះ មកមាតុភូមិវិញបន្ទាប់ពីកីឡាការិនីរូបនេះបានខិតខំប្រជែងជាមួយនឹងអត្តពលិកជាង ៤០ប្រទេសដែលចូលរួមប្រកួតកីឡារដូវរងារនៅប្រទេសកូរ៉េ ។ ជាមួយនឹងការត្រលប់មកដល់របស់កីឡាការនីរូបនេះ រួមជាមួយប្រតិភូកីឡាមួយចំនួនទៀតនោះ ត្រូវបានទទួលយ៉ាងកក់ក្ដៅពីសំណាក់ ឯ.ឧ យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជាដោយបានអញ្ជើញទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់ ។


ប្រតិភូកីឡាជនពិការកម្ពុជា លោក យីសុភក្រ្តា បានឱ្យដឹងថា ក្នុងការប្រកួតកីឡារដូវរងារនៅប្រទេសកូរ៉េ ឆ្នាំ២០១៧នេះកម្ពុជាបានបញ្ជូនកីឡាករម្នាក់ និងកីឡាការិនីម្នាក់ទៅចូលរួមជាមួយនឹងមានអត្តពលិកសរុប ១០០នាក់មកពី ៤០ ប្រទេសហើយកម្ពុជាបានឈ្នះមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាស្គីជិះរទេះ គឺកីឡាការិនី សៅ ធីតា ឯកីឡាករ អ៊ូ គង់ មិនទទួលបានមេដាយនោះទេ ។

ឯកឧត្តម យី វាសនា បានថ្លែងថា លោកមានសង្ឃឹមថានៅថ្ងៃក្រោយកម្ពុជាយើងនឹងអាចមានទីលានទឹកកកសិប្បនិមិត្តមួយកន្លែងសម្រាប់អត្តពលិកជនពិការដើម្បីឱ្យកីឡាករ កីឡាការិនីហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តការណ៍កីឡានានានៅក្រៅប្រទេស ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ