តើ សែន រ៉ាដេត និង វៀត ប៊ុនឌឿន អាចផ្តួលជើងខ្លាំងថៃបានទេនៅថ្ងៃអាទិត្យ​នេះ?

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាសែន រ៉ាដេត មកពីក្លិបអប្សរាគុនខ្មែរត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Lilan លើសង្វៀន Black Cat របស់ SEA-TV នាយប់ថ្ងៃទី២២ ខែមករា ខាងមុខនេះ ។ រ៉ាដេត គឺជាអ្នកប្រដាល់វ័យក្មេងជើងខ្លាំងមួយរូបដែលកម្រជួបបរាជ័យណាស់មិនតែប៉ុណ្ណោះគេតែងតែប្រើពេលវេលាខ្លីណាស់ដើម្បីផ្ដួលគូប្រកួត ។ ចំពោះអ្នកប្រដាល់ថៃ Yorth Lilan  វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។
រ៉ាដេតមានកលល្បិចល្អទាំងអស់ទាំងកណ្ដាប់ដៃ កែង ជង្គង់ និងស្នៀតទាត់សុទ្ធល្អ និងរហ័សមិនតែប៉ុណ្ណោះគេការពារល្អ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់តស៊ូ ៥ ទឹកដោយគ្មានបញ្ហា ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៥១ដង ឈ្នះ៤៤ដង និងចាញ់៧ដង ។ ចំពោះអ្នកប្រដាល់ថៃ Yorth Lilan  វិញគេមិនបានដឹងថាមានរបៀបវ៉ៃយ៉ាងណានោះឡើយ ។ ការមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងគេក្លាហានហ៊ានប្រកួតជាមួយរ៉ាដេតប្រហែលជាមិនអន់នោះទេ ។ គេថែមទាំងមានជំនឿចិត្តថានឹងមានឱកាសឈ្នះរ៉ាដេតនៅក្នុងជំនួបនេះទៀតផង ។ Yorth Lilan   មានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៦ដង ចាញ់៤ដង និងស្មើពិន្ទុ ១ ដង ។

ជាមួយគ្នានេះដែរ កីឡាករ វៀត ប៊ុនឌឿន របស់សមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Sayam ដោយប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ ប៊ុនឌឿនជាអ្នកប្រដាល់មួយរូបមិនខ្សោយនោះឡើយតែកន្លងមកគេហាក់ដូចជាមិនសូវហ្វឹកហាត់បានល្អឡើយរូបគេមានប្រវត្តិប្រកួតចំនួន ៦២ដងឈ្នះ៥៧ដង និងចាញ់៥ដង ។ ចំពោះអ្នកប្រដាល់ថៃ Yorth Sayam វិញគេក៏ជាអ្នកខ្លាំងមួយរូបដែរ ។ មានអ្នកប្រដាល់កម្ពុជាមិនតិចទេដែលចាញ់ក្រោមថ្វីដៃអ្នកប្រដាល់ថៃរូបនេះ ។ Yorth Sayam មានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៦ដង ចាញ់១៤ដង និង ស្មើពិន្ទុ ២ ដង ។អ្នកខ្លាំងទាំង ២ រូបនេះមិនដឹងថានរណាឈ្នះនោះទេ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ