ប្រភេទកីឡា Lawn Bows សម្រាប់ជនពិការបានមកដល់កម្ពុជាហើយ!

ភ្នំពេញ៖ ប្រភេទកីឡាថ្មីដែលមានរបៀបលេងប្រហាក់ប្រហែលនឹងកីឡាប៉េតង់ដែរនោះត្រូវបាននាំចូលមកដល់ប្រទេសកម្ពុជាហើយតាមរយៈប្រតិភូកីឡាប៉ារ៉ាឡាំពិកមួយក្រុមរបស់ប្រទេសម៉ាឡេស៊ី ហើយនេះជាប្រភេទកីឡាថ្មីមួយទៀតសម្រាប់អត្តពលិកជនពិការ ។ នៅព្រឹកថ្ងៃទី១៩ ខែមករានេះប្រតិភូប៉ារ៉ាឡាំពិកម៉ាឡេស៊ីបានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីប៉ារ៉ាឡាំពិកកម្ពុជា ក៏ដូចជាគ្រូបង្វឹក និងកីឡាកររបស់កម្ពុជាពីរបៀបលេង តួនាទីរបស់អាជ្ញាកណ្ដាល និងបច្ចេកទេសគ្រូបង្វឹក ដែលមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ ។

 ឯកឧត្តមយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងនូវអនុសាសន៍ដល់សិក្ខាកាមទាំង៥៤នាក់ថា បើចង់ក្លាយជាគ្រូបង្វឹក ជាអាជ្ញាកណ្ដាល បន្ទាប់ពីបញ្ចប់វគ្គនេះទៅត្រូវតែបណ្ដុះបណ្ដាលកីឡាករបើគ្មានកីឡាករនឹងមិនអាចក្លាយជាគ្រូបង្វឹកបានឡើយ គ្មានកីឡាករគឺគ្មានការប្រកួត ហើយបើគ្មានការប្រកួតក៏គ្មានអាជ្ញាកណ្ដាលដែរ ។
គួរបញ្ជាក់ថា ការប្រកួតកីឡា ASEAN Para Games លើកទី៩ នៅប្រទេសម៉ាឡេស៊ីឆ្នាំនេះមិនទាន់មានប្រភេទកីឡា Lawn Bows ដាក់ឲ្យប្រកួតនៅឡើយទេព្រោះដើម្បីបញ្ចូលឲ្យមាននៅក្នុងការប្រកួតបានទាល់តែមានប្រទេសចំនួន ៤គាំទ្រ ។ ពេលនេះកម្ពុជា វៀតណាម ឡាវ ឥណ្ឌូនេស៊ីបានគាំទ្រហើយប៉ុន្តែការហ្វឹកហាត់ទើបតែចាប់ផ្ដើមប៉ុណ្ណោះ ។ ដូច្នេះ ASEAN Para Games លើកទី១០នឹងមានវត្តមានប្រភេទកីឡានេះជាមិនខានហើយកម្ពុជានឹងបណ្ដុះបណ្ដាលកីឡាករ-ការិនី គ្រូបង្វឹក និង អាជ្ញាកណ្ដាលឲ្យបានជាដាច់ខាត ។


ឯកឧត្តមយី វាសនា បានមានប្រសាសន៍ប្រាប់អ្នកកាសែតថាប្រភេទកីឡានេះគឺបែងចែកទៅតាមប្រភេទពិការដូចប្រភេទកីឡាដទៃទៀតដែរ ហើយកីឡានេះត្រូវលេងលើទីលានដែលមានបណ្ដោយ៥០ ម៉ែត្រ និង ទទឹង២៥ម៉ែត្រ ចំពោះការផ្ដល់ពិន្ទុគឺដូចប៉េតង់ដែរដោយមួយសិតមាន ១៣ពិន្ទុ ។ របៀបលេងក៏ដូចប៉េតង់ដែរគឺមានគ្រាប់ប៊ី និង គ្រាប់សម្រាប់បោះហើយនរណាបោះចូលកៀកគ្រាប់ប៊ីជាងគេគឺបានពិន្ទុ ។ គ្រាប់សម្រាប់បោះមានទំហ៊ំធំជាងប៊ូលតែទម្ងន់មានចាប់ពី១,២គីឡូក្រាមដល់២គីឡូក្រាម ។ ទាំងគ្រាប់សម្រាប់បោះ និង គ្រាប់ប៊ីគឺផលិតនៅរោងចក្រមួយក្នុងប្រទេសអូស្ត្រាលី ។ គ្រាប់បាល់សុទ្ធតែមានកាលបរិច្ឆេទត្រឹមត្រូវដែលកាលបរិច្ឆេទនោះគឺរយៈពេល១២ឆ្នាំ ។ ការលេងមាន ៤ វិញ្ញាសាគឺវិញ្ញាសាម្នាក់ទល់ម្នាក់ដែលវិញ្ញាសានេះកីឡាករ ឬ កីឡាការិនីម្នាក់មានគ្រាប់សម្រាប់បោះក្នុងម្នាក់ ៤ គ្រាប់ ។ វិញ្ញាសា ២នាក់ទល់ ២នាក់គឺអាស្រ័យលើការកំណត់របស់គណៈកម្មការៀបចំការប្រកួត ។ចំពោះវិញ្ញាសា ៣នាក់ទល់ ៣នាក់ និង ៤នាក់ទល់៤នាក់កីឡាករ-កីឡាការិនីមួយរូបៗមានគ្រាប់សម្រាប់បោះចំនួន ២គ្រាប់ម្នាក់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ