កាយសម្ព័ន្ធកម្ពុជា ដាក់ផែនការមោះមុតដើម្បីពង្រឹងក្រុមថ្នាលត្រៀមសុីហ្គេម២០២៣

ភ្នំពេញ៖ លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថាសម្រាប់ឆ្នាំ២០១៧នេះកីឡាកាយសម្ព័ន្ធរបស់លោកត្រូវបានក្រសួងអប់រំយុវជន និង កីឡាសម្រេចទទួលយកកីឡាថ្នាលចំនួន៦រូប និងគ្រូបង្វឹក ១ រូប ។ លោកបានចាត់ទុកថានេះជាឱកាសល្អមួយដើម្បីពង្រឹងសមត្ថភាពកីឡាករវ័យក្មេងដែលមានអាយុចន្លោះពី១២ ដល់ក្រោម១៧ឆ្នាំដែលជាវ័យកំពុងតែទទួលការអភិវឌ្ឍន៍ល្អ ។

លោកបានចាត់ទុកថាកីឡាថ្នាលគេត្រូវប្រយ័ត្នណាស់ព្រោះពួកគេជាស្រទាប់ដំបូងដែលត្រូវបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិ ។ ដូច្នេះគ្រូបង្វឹកត្រូវតែជាគ្រូដែលបានទទួលការបណ្ដុះបណ្ដាលក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិព្រមទាំងមានវិញ្ញាបនប័ត្រទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ ។ គឺមិនអាចជាគ្រូដែលត្រូវចាប់ដាក់ៗនោះទេព្រោះពួកថ្នាលទាំងនេះត្រូវតែជាអ្នកដែលចូលរួមប្រកួតជាអន្តរជាតិដូចជា SEA Game-ASIAN Games   និង World Championship ឬ អូឡាំពិកGames ជាដើម ។

 សូមបញ្ជាក់ថា គ្រូបង្វឹកកីឡាថ្នាលរបស់កាយសម្ព័ន្ធមានលោកអៀម ដុល្លា និងមានកីឡាករ ៤ រូប និងកីឡាការិនី ២ រូប ក្នុងនោះកីឡាករទាំង ៤រូបគឺយ៉ាន រ៉ូយ៉ាល់, ទែន វ៉ាន់ដេត, ធឿន សំណាង និងផុន សុខជា ដោយពួកគេនឹងហ្វឹកហាត់កាយសម្ព័ន្ធArtistic ។ ចំពោះកីឡាការិនី២រូបវិញនោះគឺកីឡាការិនីណេម សុខហេង និងកីឡាការិនីម៉ូ ស្រីពៅ ដោយពួកគេទាំង ២រូបហ្វឹកហាត់កាយសម្ព័ន្ធ Aerobic ។

លោកអគ្គលេខាធិការបានកត់សម្គាល់ថាការបង្វឹកកម្រិតថ្នាលត្រូវតែសង្កត់ធ្ងន់ទៅលើមូលដ្ឋានគ្រឹះ ការកែលម្អបច្ចេកទេសដងខ្លួន និងកម្លាំង ។ ហេតុនេះគ្រូថ្នាលត្រូវចេះស្រាវជ្រាវពីការប្រែប្រួលនៃការធ្វើកម្មវិធីហ្វឹកហាត់ជាសាកលទាំងកម្មវិធីហ្វឹកហាត់កម្លាំង បច្ចេកទេស ទាំងកលល្បិចមិនតែប៉ុណ្ណោះគ្រូត្រូវមានសមត្ថភាពធ្វើការទំនាក់ទំនងជាមួយសហព័ន្ធអន្តរជាតិទៀតផងទើបយើងមិនខ្វះឯកសារសម្រាប់ស្រាវជ្រាវ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ