សម្តីគ្រូ និង ប្រធានក្រុមរបស់ភ្នំពេញក្រោន-Buriram មុនជួបគ្នាម៉ោង ៦ល្ងាចនេះ!

ភ្នំពេញ៖ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន នឹងបើកកីឡដ្ឋាន RSN ទទួលក្រុមខ្លាំងរបស់ថៃ Buriram United នាវេលាម៉ោង ៦ល្ងាចនេះ នៅក្នុងជំនួបលក្ខណៈមិត្តភាពអន្ដរជាតិដើម្បីស្វែងរកមូលនិធិសប្បុរសធម៌ ។ មុនការប្រកួតឈានចូលមកដល់គ្រូបង្វឹក និងប្រធានក្រុមទាំងពីរ បានលើកឡើងនូវអំពីចំណាប់អារម្មណ៍រៀងៗខ្លួន ជុំវិញការជួបគ្នាលើកដំបូងរវាងក្រុមខ្លាំងប្រទេសទាំងពីរ ។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងថា៖ «យើងរំពឹងថា វានឹងក្លាយជាការប្រកួតមួយដ៏ជក់ចិត្តដោយក្រុមទាំងពីរនឹងលេងអស់ពីបេះដូងរៀងខ្លួន ។ ចំណែកការគាំទ្រពី Fan គឺពិតជាសំខាន់ណាស់ ហើយយើងសង្ឃឹមថានឹងមានអ្នកទស្សនាពេញកីឡដ្ឋាន ។ នេះជាការប្រកួតទល់នឹងក្រុមដ៏ខ្លាំងបំផុតមួយនៅអាស៊ាន ដែលជាបទពិសោធន៍ល្អបំផុតសម្រាប់ត្រៀមខ្លួនប្រកួត AFC Cup ព្រោះ Buriram គឺជាក្រុមដ៏ខ្លាំងមួយ ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរ» ។

ចំណែកខ្សែប្រយុទ្ធសញ្ជតិអាហ្វ្រិកខាងត្បូង Shane Booysen ដែលជាប្រធានក្រុមភ្នំពេញក្រោន បានថ្លែងថា៖ «នេះជាឱកាសដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា ដែលក្រុមធំដូចជា Buriram មកដល់ទីនេះ វានឹងធ្វើឲ្យអ្នកគាំទ្រ និងកីឡាករបានទស្សនាទិដ្ឋភាពប្លែកភ្នែកថែមទៀត ។ ប៉ុន្ដែយើងអាចនឹងមានការបារម្ភ ជាពិសេសយើងមានកីឡាករក្មេងៗច្រើន តែវាជាជំហានថ្មីសម្រាប់ឲ្យយើងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះវគ្គជម្រុះពាន AFC Cup ចុងខែនេះ» ។

ដោយឡែកលោក Ranko Popovic គ្រូបង្វឹកក្រុម Buriram បានបញ្ជាក់ថា៖ «យើងពិតជារំភើប និងរីករាយណាស់ដែលបានមកកាន់កីឡដ្ឋាន RSN ហើយការប្រកួតនេះ គឺដើម្បីមិត្តភាពការប្រឹងប្រែង និងការបញ្ចេញទេពកោសល្យ ។ ដូច្នេះលទ្ធផលគឺជារឿងបន្ទាប់ ប៉ុន្តែយើងចង់ឈ្នះ ដើម្បីបង្ហាញពីភាពខ្លាំងរបស់យើង ។ យើងចង់ឲ្យគ្រប់គ្នារីករាយនឹងការប្រកួតនេះ ទាំងនៅកីឡដ្ឋាន ទាំងនៅមុខកញ្ចក់ទូរទស្សន៍តាមផ្ទះ» ។

រីឯកីឡាករ Suchao Nuchnum ប្រធានក្រុម Buriram បានលើកឡើងដែរថា៖ «ខ្ញុំពិតជាចង់ឃើញអ្នកគាំទ្រជាច្រើននៅកម្ពុជាមកទស្សនាផ្ទាល់ការប្រកួតនេះឲ្យបានច្រើន ហើយសមាជិកក្រុម Buriram នឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការប្រកួតនេះជក់ចិត្ត និងពង្រឹងសមត្ថភាពក្រុមត្រៀមលីគរដូវកាលថ្មីមកដល់» ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតលក្ខណៈអន្ដរជាតិដ៏សំខាន់មួយរបស់ក្លឹបភ្នំពេញក្រោន ខណៈក្លឹបដឹកនាំដោយគ្រូបង្វឹកជនជាតិអ៊ុយក្រែននេះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup 2017 ជើងទី១ ដោយត្រូវជួបក្រុម Home United របស់សិង្ហបុរី នៅថ្ងៃទី៣០ ខែមករាខាងមុខ ៕ ឮ

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ