តារាបាល់ទាត់ និងសិល្បៈពួតដៃគ្នាបង្កើតក្រុម All Stars ប្រកួតមិត្តភាពស្វែងរកមូលនិធិជួយគន្ធបុប្ផា

ភ្នំពេញ៖ ក្រោមការផ្ដួចផ្ដើមគំនិតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមតារាបាល់ទាត់ និងសិល្បៈឆ្នើមៗក្នុងប្រទេសកម្ពុជា បានពួតដៃគ្នាបង្កើតក្រុម All Stars ចំនួន ២ក្រុម ដើម្បីធ្វើការប្រកួតមិត្តភាពនៅថ្ងៃទី២៦ ខែមករាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ហើយក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំមួយចំនួនចូលផងដែរ ។

សម្រាប់ក្រុម All Stars តំណាងក្រុមតារាបាល់ទាត់កម្ពុជា គឺដឹកនាំដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងមានការចូលរួមពីមិត្តរួមអាជីព ឈិន ឈឿន, អ៊ុំ សេរីរ័ត្ន, ស៊ូ យ៉ាទី, គួច សុកុម្ភៈ, សឿយ វិសាល, ហ៊ួយ ផល្លីន, ចាន់ រិទ្ធី និងកីឡាករ សាយ ពិសិដ្ឋ ។ ពិសេសគឺមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមតារាកំប្លែង និងតារាចម្រៀងនាយ ក្រឹម, ខែម, ស៊ូណា, កែវ វាសនា និងលោក មង្គល ទីណា ជាដើម ដោយមានលោក ប្រាក់ សុខមុន្នី ជាគ្រូបង្វឹក ។

ដោយឡែកក្រុម All Stars តំណាងក្រុមតារាងក្នុងវិស័យសិល្បៈវិញ គឺដឹកនាំដោយតារាកំប្លែងនាយ ពែកមី និងមានការចូលរួមពីប្អូនប្រុស គឺនាយគ្រឿន, ឯកឧត្តម ស សុខា រួមទាំងតារាចម្រៀង គូម៉ា, ម៉ៅ ហាជី និងសមាជិកក្រុមម្ចាស់បទ «បុណ្យភូមិ» ។ ប៉ុន្ដែក្នុងក្រុមនេះក៏មានវត្តមានតារាបាល់ទាត់ឆ្នើមៗផងដែរ រួមមាន ប្រាក់ មុន្នីឧត្តម, កែវ សុខផងេ, ច្រឹង ពលរដ្ឋ, ឃឹម បូរី, ទិត្យ ឌីណា, ណុប តុលា និងអ្នកចាំទី ប្រាក់ មុន្នីភិរុណ ដោយមានលោក សោម សារ៉ន ជាគ្រូបង្វឹក ។ នេះគឺជាប្រវត្តិសាស្ដ្រហើយ ដែលក្រុមតារាបាល់ទាត់ និងតារាសិល្បៈសហការគ្នាបង្កើតក្រុមបាល់ទាត់ចម្រុះ ដើម្បីប្រកួតមិត្តភាពសប្បុរសធម៌ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ឋា ហើយការប្រកួតនេះ ក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចប់ទូរទស្សន៍ BTV ផងដែរ ពោលគឺចំប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Soccer League ឆ្នាំ២០១៧នេះតែម្ដង ។ តំណាងក្រុមទាំងពីរ បានធ្វើការអំពាវនាវដល់មមហាជនចូលរួមឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកជួយដល់សង្គមជាមួយព្រឹត្តិការណ៍សប្បុរសធម៌នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ