ក្រុមហ៊ុនឆ្នោតកីឡាជាតិ ប្តេជ្ញាចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យរីកចម្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ក្នុងទិសដៅអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យរីកចម្រើនមុននឹងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣នោះ ក្រុមហ៊ុនឆ្នោតកីឡាជាតិបានឧបត្ថម្ភគ្រប់ប្រភេទកីឡាដែលឈ្នះមេដាយនៅក្រៅប្រទេសជាក់ស្តែងកញ្ញា ស៊ន សៀវម៉ី ព្រមទាំងលោកស្រី កែ ឡេង ដែលបានចូលរួមក្នុងការប្រកួតខ្នាតអន្ដរជាតិនោះ ។

អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦កន្លងមក ក្រុមហ៊ុនបានរួមចំណែកអភិវឌ្ឍវិស័យកីឡាដល់សាលារៀនមួយចំនួន និងឧបត្ថម្ភថវិកាដល់អត្តពលិកជាតិក្នុងការប្រកួតកីឡាអូឡាំពិក ក៏ដូចជាឧបត្ថម្ភការប្រកួតកីឡាជាតិលើកដំបូង ព្រមទាំងគាំទ្រជាលក្ខណៈបុគ្គលក្នុងគម្រោងនៃការប្រកួតបោះប៊ូលវ័យចំណាស់ផងដែរ ។ លើសពីនេះទៀត ក្រុមហ៊ុនបានរួមចំណែកឧបត្ថម្ភដល់វិស័យអប់រំ, បរិច្ចាគដល់សហគមន៍ព្រះពុទ្ធសាសនា ព្រមទាំងទិញអង្ករផ្តល់ជូនប្រជាជនក្រីក្ថែមទៀតផង ។ លោកបានបន្តថា នៅប្រទេសចិនមានសុភាសិតមួយថា៖ «ផឹកទឹក កុំភ្លេចប្រភព» ដូច្នេះយើងតែងតែចងចាំក្នុងចិត្តជានិច្ចដល់ការលើកកម្ពស់កីឡាជាតិ និងបេសកកម្មសុខុមាលភាពសាធារណៈ និងជឿជាក់ថាប្រជាជន ឬអង្គការនានានឹងចូលរួមគាំទ្រកាន់តែច្រើនលើវិស័យកីឡានៃព្រះរាជាណាចក្រកម្ពុជា និងអភិវឌ្ឍបន្ថែមទៀតដោយចេញពីតំបន់អាស៊ីឆ្ពោះទៅកាន់សកលលោក។
សូមបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិបានបង្កើតឡើងក្នុងគោលបំណង លើក​កម្ពស់​កាយសម្បទាផ្នែករាងកាយរបស់ប្រជាជន លើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍកីឡាជាតិ ហើយរាល់មូលនិធិសុខុមាលភាពសាធារណៈទាំងអស់ នឹងត្រូវបានប្រើដើម្បីធ្វើការអភិវឌ្ឍសុខុមាលភាពសង្គម ជំនួយ សន្តិសុខ និង​ធុរកិច្ចមួយចំនួនទៀត ក្នុងគោលដៅបណ្តុះបណ្តាលអត្តពលិកឆ្នើមៗ និងគ្រូបង្វឹកមួយចំនួនធំរបស់ប្រទេសកម្ពុជាដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍នាឆ្នាំ២០២៣ខាងមុខ​នេះ ៕

អត្ថបទ៖ រត្ន័

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ