ចាន់ វឌ្ឍនាកា ទទួលបានប្រាក់ខែជិត ១ម៉ឺនដុល្លារ ពីការខ្ចីជើងទៅលេងនៅក្លឹប Fujieda របស់ជប៉ុន

ភ្នំពេញ៖ ភ្លាមៗក្រោយការប្រកាសផ្ទេរកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ពីក្លឹបបឹងកេតអង្គរ ទៅក្លឹប Fujieda MYFC របស់ជប៉ុន ភាគីក្លឹបទាំងពីរមិនបានបង្ហើបឲ្យដឹងពីតម្លៃខ្លួននៃការផ្ទេរ និងប្រាក់កំរ៉ៃ ដែលខ្សែប្រយុទ្ធរូបនេះ ត្រូវទទួលបាននោះទេ ប៉ុន្ដែមានប្រភពជិតស្និទ្ធនឹងកីឡាករជំនាញជើងឆ្វេងនេះ បានលួចបង្ហើបថា វឌ្ឍនាកា នឹងទទួលបានប្រាក់ខែជិត ១ម៉ឺនដុល្លារ សម្រាប់រយៈពេលមួយរដូវកាល នៃការទៅលេងនៅលើទឹកដីជប៉ុន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសផ្ទេរ និងទទួល ចាន់ វឌ្ឍនាកា ទៅក្លឹបFujieda នៅសណ្ឋាគារភ្នំពេញនាល្ងាចថ្ងៃទី១៣ ខែមករានេះ លោក Jun Koyama ប្រធានក្លឹបលំដាប់លីគទី៣ ជប៉ុននេះ បានសម្ដែងនូវក្ដីរំភើបក្រៃលែង ដែលទទួលបានកីឡាករ Super Star របស់កម្ពុជាទៅជួយក្លឹបខ្លួន ប៉ុន្ដែលោកមិនបានប្រាប់ពីតម្លៃនៃការខ្ចីជើងកីឡាករវ័យ ២២ឆ្នាំរូបនេះឡើយ ព្រោះថ្នាក់ដឹកនាំក្លឹបទាំងពីរព្រមព្រៀងលាក់ការជាសំងាត់ ។ តែក្រោយចប់សន្និសីទទើបមានអ្នកជិតស្និទ្ធ ចាន់ វឌ្ឍនាកា បង្ហើបថា គេទទួលបានប្រាក់ខែ ១ម៉ឺនដុល្លារ ។ ប៉ុន្ដែយ៉ាងណាតម្លៃខ្លួនការផ្ទេរនេះ នៅមិនទាន់ដឹងនោះឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ