CV11 ក្លាយជាកីឡាករកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានទៅលេងនៅលីគជប៉ុន

ភ្នំពេញ៖ ក្នុងឱកាសសន្និសីទសារព័ត៍មាននាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះលោក Jun Koyama ប្រធានក្លឹប Fujieda បានចាត់ទុក ចាន់ វឌ្ឍនាកា គឺជា Super Star ក្នុងប្រទេសកម្ពុជា ហើយលោកពិតជាសប្បាយចិត្តណាស់ ដែល វឌ្ឍនាកា ព្រមព្រៀងទៅលេងនៅជប៉ុន ។ មូលហេតុ គឺជាយុទ្ធសាស្ដ្រមួយ ដើម្បីពង្រឹងកីឡាករបន្ថែមទៀត នៅក្នុងក្លឹប និងដើម្បីយុទ្ធនាកាស្វែងរកកីឡាករឆ្នើមនៅអាស៊ី ទៅលេងនៅលើទឹកដីជប៉ុន ។ ស្របតាមគោលដៅដែល J-League មានយុទ្ធសាស្ដ្រធ្វើយ៉ាងម៉េចឲ្យកីឡាករអាស៊ីមានភាពខ្លាំងក្លា ។

លោកបានសន្យាថានឹងបណ្ដុះបណ្ដាល វឌ្ឍនាកា ឲ្យកាន់តែរីកច្រើន រហូតឡើង J-League ឬដល់តំបន់អឺរ៉ុប និងពិភពលោកជាដើម ។ ជាមួយគ្នានេះលោកក៏បានសំណូមពរដល់អ្នកគាំទ្រកម្ពុជាឲ្យបន្ដគាំទ្រ វឌ្ឍនាកា ដើម្បីភាពរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត ។

ទន្ទឹមនឹងនេះលោកបែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេតអង្គរបានថ្លែងថា នេះគឺជាថ្ងៃអស្ចារ្យ និងជាប្រវត្តិសាស្ដ្រ ដែលបាល់ទាត់កម្ពុជារីកចម្រើន រហូតមានកីឡាករទៅលេងនៅជប៉ុន ជាក់ស្ដែង ចាន់ វឌ្ឍនាកា ដែលក្លឹបបឹងកេត សូមប្រកាសបញ្ជូនទៅលេងនៅក្លឹប Fujieda នៅជប៉ុន ។ លោកបានបន្ថែមថា វាពិតជាពិបាក ដែលបញ្ជូនកីឡាករសំខាន់របស់ក្លឹបទៅបរទេស ព្រោះ វឌ្ឍនាកា គឺជាកីឡាករសំខាន់ ដែលអាចកែប្រែលទ្ធផលឲ្យល្អប្រសើរក្នុងការប្រកួតជារឿយៗ ប៉ុន្តែក្រោយជួបចរចារវាងក្លឹបទាំងពីរ ប្រធានក្លឹបក៏សម្រេចបញ្ជូនកីឡាករ វឌ្ឍនាកា ទៅជប៉ុនតែម្ដង ។ លោកបានបញ្ជាក់ថា៖« វឌ្ឍនាកា គឺជាកីឡាករកម្ពុជាទី១ ដែលបានប្រកបអាជីពបាល់ទាត់នៅជប៉ុន ហើយខ្ញុំសង្ឃឹមថា វានឹងជួយផ្សព្វផ្សាយពីវិស័យបាល់ទាត់កម្ពុជាឲ្យកាន់ល្បីលើឆាកអន្ដរជាតិ ក៏ដូចជាគំរូ ដើម្បីជំរុញក្មេងៗជំនាន់ក្រោយឲ្យខំប្រឹង ដើម្បីបានក្លាយជាកីឡាករអាជីព និងទៅលេងនៅបរទេសដូច វឌ្ឍនាកា ។»

ចំពោះចាន់ វឌ្ឍនាកា បានលើកឡើងថា៖ «នេះគឺជាក្ដីស្រម៉ៃរបស់ខ្ញុំ តាំងពីចាប់ផ្ដើមលេងបាល់ទាត់ ហើយថ្ងៃនេះក្ដីស្រម៉ៃរបស់ខ្ញុំ បានក្លាយជាការពិតហើយ ។ យើងដឹងហើយថា ជប៉ុន គឺមានវិស័យបាល់ទាត់ខ្លាំងក្នុងតំបន់អាស៊ី ទាំងក្រុមជម្រើសជាតិ និងលីគ ដែលមានទាំងកីឡាករទៅលេងនៅតំបន់អឺរ៉ុបទៀតផង ។ បន្ទាប់ពីខ្ញុំបានទៅទស្សនៈកិច្ចមួយសប្ដាហ៍កន្លងទៅ ខ្ញុំពិតជាមានអារម្មណ៍រីករាយ និងចាប់អារម្មណ៍ចំពោះក្លឹប Fujieda ។ ខ្ញុំសង្ឃឹមថា នឹងទទួលបានចំណេះដឹងថ្មីនៅទីនោះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្ញុំឲ្យកាន់តែល្អប្រសើរ ។ ខ្ញុំសង្ឃឹមថា ការផ្ទេរថ្ងៃនេះ អាចត្រួសត្រាយក្ដីស្រម៉ៃរបស់យុវជនជំនាន់ក្រោយឲ្យមានជំនឿចិត្តខ្ពស់ ដើម្បីសម្រេចក្ដីស្រម៉ៃរបស់ខ្លួន ហើយខ្ញុំធ្វើបានបែបនេះ កីឡាករកម្ពុជាផ្សេងទៀត ក៏ធ្វើបានដូចគ្នា ឬអាចធ្វើបានល្អជាងខ្ញុំទៅទៀត ។ សំខាន់ត្រូវជឿជាក់លើខ្លួនឯង ។ សង្ឃឹមថា បឹងកេត កាន់តែរឹងមាំ និងអាចការពារតំណែងជើងឯកឆ្នាំចាស់បាន»  ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ