សហព័ន្ធចំបាប់ អាចនឹងធ្វើមហាស​ន្និបាតនៅចុងខែនេះដើម្បីជ្រើសរើសក្បាលម៉ាសុីនដឹកនាំរបស់ខ្លួន

ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជាទំនងជានឹងធ្វើមហាសន្និបាតបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី២៥ ខែមករា ខាងមុខដើម្បីបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មី ។ លោកធិន វិចិត្រ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថាអាណត្តិចាស់ត្រូវបញ្ចប់ហើយៗមហាសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏ជិតនឹងឈានមកដល់ដែរហេតុនេះសហព័ន្ធត្រូវតែរៀបចំមហាសន្និបាតបញ្ចប់អាណត្តិរបស់ខ្លួន ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជាមានឯកឧត្តមវ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកជាប្រធានសហព័ន្ធ ។ លោកCasey Barnett ជាអនុប្រធាន, លោកជា ប៊ុនហេងដែលជាប្រធានអង្គភាពកីឡាក្រសួងមហាផៃ្ទជាអនុប្រធាន, លោកធិន វិចិត្រជាអគ្គលេខាធិការ, កញ្ញាចូវ សុធារ៉ា ជាអគ្គហិរញ្ញិក និងសមាជិកប្រតិបត្តិដទៃទៀតមានលោកហុក ឈាងគីម និង លោកនឹង សាវុធ ។

ក្នុងអាណត្តិកន្លងមកនេះចំបាប់មានការអភិវឌ្ឍន៍ខ្លួនជាខ្លាំងដោយបានក្លាយជាប្រភេទកីឡាដ៏មានសក្ដានុពលមួយដែលបង្កើតបានប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងការដណ្ដើមបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡា SEA Games នៅមីយ៉ាន់ម៉ា ប៉ុន្តែ SEA Games នៅសិង្ហបូរីឆ្នាំ២០១៥ និងនៅម៉ាឡេស៊ីឆ្នាំ២០១៧ នេះចំបាប់គ្មានឈ្មោះក្នុងបញ្ជីនៃការប្រកួតឡើយ  ។

លោកធិ វិចិត្រ បានលើកឡើងថាក្នុងអាណត្តិកន្លងមកនេះចំបាប់ដំណើរការបានល្អគឺធ្វើការដោយចុះសម្រុងគ្នាបានល្អទៀតផង ។ លោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធតែងតែចំណាយលុយផ្ទាល់របស់ខ្លួនសម្រាប់ការចេញទៅប្រកួតនៅបរទេស ការប្រកួតសម្រាប់យុវជន និង ឆ្នាំ២០១៦កន្លងមកនេះលោកបានចំណាយសម្រាប់ការប្រកួតដល់កម្រិតមូលដ្ឋានទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ