ឌុម កែវដា និង ម៉ន ចាន់ដារ៉ា អាចផ្តួលអ្នកប្រដាល់ថៃបានទេនៅថ្ងៃអាទិត្យនេះ?

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៥ ខែមករា ខាងមុខនេះគឺជាការប្រកួតមួយដ៏សំខាន់ប៉ុន្តែគេមិនទាន់ដឹងថាអ្នកប្រដាល់កម្ពុជាម៉ន ចាន់ដារ៉ា អាចទទួលបានជ័យជម្នះឬអត់នោះឡើយ ខណៈដែលរូបគេត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phat Chayak Phum ដោយ ២ ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគឺចាញ់ទាំង ២ ប្រកួតតែម្តង ។

ដារ៉ាជាអ្នកប្រដាល់មួយរូបដែលវ៉ៃមិនសូវចេះសន្សំកម្លាំងឡើយគេក៏ជាអ្នកប្រដាល់ដែលមិនមានភាពអំណត់ខ្ពស់នោះទេ ។ គេមានប្រវត្តិប្រកួតចំនួន៦៥ ដង ឈ្នះ៥២ដងចាញ់១២ដង និង ស្មើពិន្ទុ ១ ដង ។ សម្រាប់ការប្រកួតនេះដារ៉ាពិតជាត្រូវការឈ្នះណាស់តែមិនដឹងថាគេមានសមត្ថភាពឬក៏អត់នោះទេ ។ ចំពោះ Phat Chayak Phum វិញគេក៏ត្រូវការឈ្នះដែរដើម្បីប្រជែងយកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ គេជាអ្នកប្រដាល់មួយរូបដែលមិនងាយស្រួលបង្ក្រាបនោះទេជាមួយនឹងកម្លាំងដ៏អស្ចារ្យ និងមានកលល្បិចមិនធម្មតាឡើយ ។ Phat Chayak Phum មានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៣ដង ចាញ់១៥ដង ។ ចាំមើលការប្រកួតនេះម៉ន ចាន់ដារ៉ា ឬ Phat Chayak Phum ជាអ្នកឈ្នះ ?

ក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍នឹងប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Loom Leng ។ កែវដា មិនទាន់ស្កាល់ចាញ់នោះទេពោលគឺ ២ប្រកួតរបស់គេឈ្នះគូប្រកួតដោយពិន្ទុទាំង២ ប្រកួត រីឯ Loom Leng វិញ ២ប្រកួតរបស់គេឈ្នះ ១ ប្រកួត និង ចាញ់ ១ប្រកួត ។ កែវដាមានប្រវត្តិប្រកួតចំនួន ៧៧ដង ឈ្នះ៦៤ដង ចាញ់១១ដងនិងស្មើពិន្ទុ ២ ដង ។ ចំពោះប្រវត្តិប្រកួតរបស់ Loom Leng វិញគឺ៦៨ ប្រកួតរបស់គេឈ្នះ៥៦ប្រកួតចាញ់១១ប្រកួត និង ស្មើពិន្ទុ ១ ប្រកួត ។ កែវដាអាចរក្សាតំណែងមិនទាន់ស្គាល់ចាញ់បន្តទៀតបានឬទេ ? ចុះ Loom Leng វិញតើបន្ថែមស្ថិតិឈ្នះ ឬ ស្ថិតិចាញ់នៅក្នុងកំណត់ត្រារបស់ខ្លួន ?

អត្ថបទ៖ វ៉ាន្នី

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ