សាលតេក្វាន់ដូរបស់ KOIKA នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ​៖​ឯកឧត្តមហង់​ ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ រួមជាមួយឯកឧត្តម KIM WEON JIN ឯកអគ្គរដ្ឋទូត​សាធារណៈ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ បានអញ្ជើញជា​គណៈអធិបតី​ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលហ្វឹកហ្វឺនតេក្វាន់ដូ​ដែលជាជំនួយរបស់អង្គការ​ KOIKA នាព្រឹកថ្ងៃ​១២​ ខែមករា​ ឆ្នាំ​២០១៦ នេះ។


ឯកឧត្តមហង់​ ជួន​ ណារ៉ុន​ បានថ្លែងអំណរ​គុណ​ចំពោះ​លោក Jeong Yun Gil ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ KOIKA ដែលបានចូល​រួម​ចំណែក​យ៉ាងខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​នៅកម្ពុជា​ និងដោយឡែកប្រភេទកីឡាតេក្វាន់ដូដែលកន្លងមកពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈប្រភេទកីឡា​តេក្វាន់ដូ​នេះ​ គឺការដណ្តើម​បានមេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ ការប្រកួត​កីឡា​អាស៊ី​ហ្គេម​ និងការដណ្តើមបានសិទ្ធិ​ជាផ្លូវការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​របស់​វីរនារី​តេក្វាន់ដូ​ ស៊ន​ សៀវម៉ី​ ។

សាលហ្វឹកហាត់តេក្វាន់ដូ​ដ៏ថ្មីសន្លាងនេះ​ពិតជាបានរួមចំណែក​អភិវឌ្ឍ​ប្រភេទកីឡា​តេក្វាន់ដូ​ឲ្យ​រីកចម្រើនថែមទៀត​ ព្រោះថា​ប្អូន​ៗ​ ក្មួយៗ​ ទាំងអស់ក្រោយទទួលបានចំណេះ​ពីទីនេះ​គឺជាអ្នក​ផ្សព្វផ្សាយ​បន្តទៀតពេលចេញទៅបម្រើការងារតាមសាលារៀននានានៅទូទាំងប្រទេសសូមបន្តបើកក្លឹបបង្ហាត់តេក្វាន់ដូបន្ថែមទៀត​ ។​ សម្រាប់ពេលខាងមុខក្រសួង​នឹងជំរុញ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា​ បណ្តុះបណ្តាល​ដល់កម្រិត​ឧត្ដម​សិក្សា​ ហើយតេក្វាន់ដូជាមួយផងដែរ។ សាលហ្វឹកហាត់​តេក្វាន់ដូ​នេះមានទំហំ​ ១២ម៉ែត្រគុណ ២៧ម៉ែត្រ ចំណាយថវិកាសរុប​៧១​. ០៧៥​ដុល្លារ​ ជាជំនួយរបស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ KOIKA ប្រចាំ​កម្ពុជា​។ សូមបញ្ជាក់ផងដែរថា មកដល់ឆ្នាំ២០១៧នេះ​ គរុសិស្ស​អប់រំកាយ​ និង​កីឡា​ចំនួន​២៨០នាក់​ ហើយដែលទទួល​បាន​ការ​បណ្តុះបណ្តាល​វិជ្ជា​តេក្វាន់ដូ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ