កីឡាករមិនស្ដាប់គ្រូ នឹងគ្មានក្នុងក្រុមជម្រើសជាតិឡើយ បើសិនលោក Lee បន្ដធ្វើគ្រូ!

ភ្នំពេញ៖ លោក Lee Tae Hoon បានប្ដេជ្ញារឹតបណ្ដឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានកាន់តែខ្លាំង បើសិនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ដល់ឱកាសឲ្យលោកដឹកនាំជាថ្មី ពិសេសគឺកីឡាករមិនស្ដាប់ការណែនាំទាំងអស់ នឹងមិនត្រូវបានកោះហៅឡើយ ដើម្បីផ្លាស់ប្ដូរទម្លាប់អាក្រក់របស់ពួកគេ និងលើកស្ទួយបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ។

ការលើកឡើងខាងលើ គឺស្របពេលបុរសជនជាតិកូរ៉េខាងត្បូងរូបនេះ បានផុតកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅហើយ ខណៈបច្ចុបន្នលោកកំពុងដឹកនាំក្រុមជម្រើសជាតិកម្ពុជាបណ្ដោះអាសន្ន ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌី នៅវេលាម៉ោង ១១យប់ថ្ងៃទី១៤ ខែមករាចុងសប្ដាហ៍នេះ នៅទីក្រុងអាបូដាប៊ី នៃប្រទេសអារ៉ាប់រួម ។

លោក Lee បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនឡើងយន្ដទៅអារ៉ាប់រួមថា សម្រាប់ឆ្នាំ២០១៧នេះ បើសិនលោកមានឱកាសដឹកនាំក្រុមជម្រើសជាតិកម្ពុជា លោកនឹងកោះហៅកីឡាករ ដែលមានចិត្តចង់លើកស្ទួយកិត្ដិយសជាតិ និងស្ពាប់បង្គាប់តែប៉ុណ្ណោះ ។ ចំណែកកីឡាករមិនធ្វើតាមការណែនាំរបស់ខ្លួន ឬកីឡាករមិនស្ដាប់បង្គាប់នោះ លោកនឹងមិនកោះហៅឡើយ ។

បុរសវ័យ ៥៥ឆ្នាំរូបនេះ និយាយថា «ឆ្នាំនេះខ្ញុំមានបំណងចង់ផ្លាស់ប្ដូរទម្លាប់អាក្ររបស់កីឡាករកម្ពុជាមួយចំនួនឲ្យបាន បើសិនខ្ញុំ និងសហព័ន្ធឯកភាពគ្នាលើការបន្ដកិច្ចសន្យាថ្មី ។ ខ្ញុំសន្យាថា កីឡាករមិនស្ដាប់ការណែនាំទាំងអស់ គឺគ្មានផ្លូវកោះហៅចូលក្រុមជម្រើសជាតិនោះទេ ដោយខ្ញុំនឹងផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ ដែលមានសមត្ថភាពវិញម្ដង ។ ប៉ុន្ដែពួកគេក៏ត្រូវមានទម្លាប់ល្អផងដែរ ទើបបាល់ទាត់កម្ពុជារីកចម្រើន» ។

គួរបញ្ជាក់ថា មកទល់ពេលនេះ កិច្ចសន្យាថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Lee Tae Hoon នៅមិនទាន់លេចចេញជារូបរៀងនៅឡើយទេ ប៉ុន្ដែបើតាមសម្ដីលោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីនៃសហព័ន្ធបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធកំពុងធ្វើការងារនេះ ហើយអ្វីនឹងសម្រេចនៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធនាពេលឆាប់ៗខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ