មួយថ្ងៃសោះ! ភ្នំពេញក្រោន នាំចូលកីឡាករបរទេស ៣នាក់សុទ្ធតែមានប្រវត្តិល្អៗ

ភ្នំពេញ៖ ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះវគ្គ Play-Off ពានរង្វាន់ AFC Cup 2017 ដោយទទួលក្រុម Home United នៅថ្ងៃទី៣០ ខែមករាខាងមុខ ក៏ដូចជាត្រៀមលីគកំពូលកម្ពុជា រដូវកាលថ្មីផងនោះ កាលពីម្សិលមិញនេះ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន បានចុះកុងត្រានាំចូលកីឡាករបរទេស ៣នាក់គួរឲ្យភ្ញាក់ផ្អើល ដែលសុទ្ធតែជាកីឡាករមានបទពិសោធន៍ជាច្រើនទៀតផង ។

កីឡាករបានចុះកុងត្រាជាមួយភ្នំពេញក្រោននោះ រួមមានកីឡាករអ៊ុយក្រែនម្នាក់ គឺ Vladimir Ordynskyi និងកីឡាករជប៉ុន ២នាក់ រួមមាន Futa Nakamura និងកីឡាករ Chiharu Kosuge ។ ចំពោះ Vladimir បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ លេងតួនាទីជាខ្សែប្រយុទ្ធ ហើយនេះគឺជាលើកដំបូងហើយ ដែលលោកបានមកជាន់ទឹកដីអាស៊ី ដើម្បីបន្ដអាជីបបាល់ទាត់របស់ខ្លួន ។ ប៉ុន្ដែមុនលោកផ្លាស់មកលេងឲ្យភ្នំពេញក្រោន គឺលោកបានលេងឲ្យក្លឹប FK Decic នៅប្រទេសម៉ុងតេណេហ្គ្រោ ។

ដោយឡែកកីឡាករវ័យ ២៥ឆ្នាំ Futa Nakamura គឺលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ខណៈកីឡាករវ័យ ២៧ឆ្នាំ Chiharu Kosuge លេងក្នុងតួនាទីជាខ្សែការពារកណ្ដាល ។ មុនផ្លាស់មកភ្នំពេញក្រោន កីឡាករជនជាតិជប៉ុនទាំង ២នាក់ សុទ្ធតែធ្លាប់ប្រកបអាជីពបាល់ទាត់នៅលើទឹកដីនៃប្រទេសអូស្រ្ដាលី ។ ប៉ុន្ដែសម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជាកាលពីល្ងាចមិញ ពួកគេនៅមិនទាន់បញ្ចេញសមត្ថភាពអ្វីគួរឲ្យកត់សម្គាល់នោះទេ ខណៈភ្នំពេញក្រោនចាញ់ជម្រើសជាតិ ២-០ ទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ