គោព្រៃកម្ពុជា ហោះទៅអារ៉ាប់រួមហើយ ក្រោយឈ្នះភ្នំពេញក្រោន ២-០ ល្ងាចមិញ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃខៀវ បានធ្វើដំណើរឆ្ពោះទៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួមហើយ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១៤ ខែមករាខាងមុខនៅទីនោះ បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ២-០ មុនឡើងយន្ដហោះក្នុងជំនួបកម្ដៅសាច់ដុំនៅកីឡដ្ឋាន RSN កាលពីល្ងាចម្សិលមិញរួចមក ។

បេសកកម្មក្រោមការដឹកនាំរបស់គ្រូបង្វឹកផុតកុងត្រាលោក Lee Tae Hoon បានដឹកនាំកីឡាករជម្រើសជាតិចំនួន ២២នាក់ ដើម្បីត្រៀបទប់ទល់ជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ដែលជាក្រុមខ្លាំងមួយប្រចាំទ្វីបអាស៊ីនាចុងសប្ដាហ៍នេះ ។ ដំបូងឡើងសមាជិកក្រុមគោព្រៃមានសរុប ២៤នាក់ តែដោយសារ ប្រាក់ មុន្នីឧត្តម ជិតដល់ថ្ងៃរៀបការ និងីឡាករ ឈិន ឈឿន មានរបួស ពួកគេមិនអាចចូលរួមបេសកកម្មនេះបានឡើយ ។ តែក្នុងចំណោមកីឡាករ ២២នាក់នៅសល់ ក៏គ្មាន ចាន់ វឌ្ឍនាកា ព្រោះគេមានរបួសមិនត្រូវបានកោះហៅប្រមូលផ្ដុំ ។

គួរបញ្ជាក់ថា មុនចេញដំណើរក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-០ ដែលធ្វើសម្រេចដោយកីឡាករ កែវ សុខផេង ១គ្រាប់ និងកីឡាករ ទិត្យ ឌីណា ១គ្រាប់ ។ ប៉ុន្ដែជ័យជម្នះនេះមិនបានធ្វើឲ្យលោក Lee Tae Hoon សប្បាយចិត្តនោះទេ ព្រោះទម្រង់លេងមិនទាន់ល្អ ដោយសារការប្រមូលផ្ដុំមានរយៈពេលខ្លី ។ ដោយហេតុនេះលោកបានជំរុញកូនក្រុមត្រូវមានការព្យាយាមបន្ថែមទៀត ដើម្បីស្វែងរកកិត្តិយសជូនជាតិ នៅពេលប្រកួតជាមួយក្រុមអារ៉ាប់បីសាអូឌីតចុងសប្ដាហ៍នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ