រឿងទៀតហើយ! លោក ប្រាក់ សុវណ្ណារ៉ា សម្រេចចែកផ្លូវជាមួយបឹងកេតអង្គរហើយ

ភ្នំពេញ៖ បន្ទាប់ពីដឹកនាំក្លឹបបឹងកេតអង្គរគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកបានសម្រេចចិត្តចែកផ្លូវជាមួយក្លឹបមានប្រភពមកពីខេត្តកំពង់ចាមនេះហើយ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបជើងឯកលីគកំពូលកម្ពុជា ២ជំនាន់ខាងលើ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ ។

ប្រភពព័ត៌មានខាងលើបានសរសេរលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា «គ្រប់ៗគ្នានៅក្លិបបឹងកេតអង្គរសូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លិបអំឡុងពេល ២រដូវកាលចុងក្រោយ ដោយយើងបានឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ និងរងជើងឯកក្នុងពានរង្វាន់ Toyota Mekong Club Championship 2015 ដែលធ្វើឲ្យលោកគ្រូក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប» ។

«ប៉ុន្តែក្លិប និងលោកគ្រូទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកបក្នុងរយ:ពេលចុងក្រោយនេះ ហើយជឿជាក់ថា ការចែកផ្លូវគ្នានេះធ្វើឡើងដើម្បីផលចំណេញជាអតិបរមាចំពោះភាគីទាំងសងខាង ។ ទន្ទឹមនឹងនេះដែរ ក្លិបសូមបញ្ជាក់ថាការចាកចេញរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ពុំមានបញ្ហាល្អក់កករអ្វីឡើយ ហើយបឹងកេតអង្គនៅតែមានការគោរព និងក្ដីស្រលាញ់ចំពោះលោកគ្រូជានិច្ច» ។

នេះគឺជាដំណឹងគួរឲ្យសោកស្ដាយមួយ សម្រាប់អ្នកគាំទ្រក្រុមបឹងកេតអង្គរ ចំពោះការបាត់បង់គ្រូបង្វឹកកម្រិត Pro-License ខាងលើ ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ គឺការប្រកាសចែកផ្លូវរគ្នារវាងលោក ប្រាក់ សុវណ្ណារ៉ា និងក្លឹបបឹងកេតអង្គរនេះ ស្របពេលកីឡាករ ចាន់ វឌ្ឍនាកា ប្រកាសជិតបែកពីអ្នកគាំទ្រ ដែលស្រដៀងគ្នានឹងការចែកផ្លូវពីក្លឹបបឹងកេតផងដែរ កាលពីម្សិលមិញ ។ យ៉ាងណាមិញជុំវិញព័ត៌មានខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏មិនទាន់ទទួលបានការស្រាយបំភ្លឺច្បាស់លាស់ពីសាមីខ្លួនដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ