តើ ចាន់ វឌ្ឍនាកា ប្ដូរទ្រនំថ្មី ឬបញ្ចប់អាជីព ក្រោយបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលម្សិលមិញ?

ភ្នំពេញ៖ «អគុណបងប្អូនទាំងអស់គ្នា យើងជិតបែកគ្នាហើយ» គឺជាសារដ៏ខ្លី តែបង្កប់ដោយការងឿងឆ្ងល់សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ពិសេសអ្នកគាំទ្រផ្ទាល់របស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា តែម្ដង បន្ទាប់ពីកីឡាករជម្រើសជាតិរូបនេះ បង្ហោះលើគណនី Facebook ផ្ទាល់ខ្លួនពីម្សិលមិញ ហើយក៏មានចោទសួរជាចម្ងល់ផងដែរថា តើកីឡាករក្លឹបបឹងកេតអង្គរនេះ ត្រូវផ្លាស់ប្ដូរក្លឹបថ្មី ឬបញ្ចប់អាជីពពីបាល់ទាត់?

ជាមួយនឹងការបង្ហោះសារបន្សល់នូវការសោកស្ដាយសម្រាប់អ្នកគាំទ្រនេះ វឌ្ឍនាកា មិនបានបញ្ជាក់ពីមូលហេតុ និងឆ្លើយតបការចោទសួររបស់អ្នកគាំទ្រខ្លួននោះទេ ។ តែការប្រកាសគ្មានចម្លើយនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនធំឆ្លើយជំនួសថា កូនប្រុសបង្កើតរបស់លោក ចាន់ ចេស្ដា អភិបាលខេត្តកំពតនេះ នឹងចេញទៅលេងឲ្យក្លឹបនៅជប៉ុន មិនបញ្ចប់អាជីពបាល់ទាត់ឡើយ ។ ប៉ុន្ដែយ៉ាងណាភ្នាក់ងារ Camsports ក៏បានទាក់ទង ចាន់ វឌ្ឍនាកា ដើម្បីស្រាយបំភ្លឺការពិតដែរ តែលេខទូរស័ព្ទលោកធ្លាប់ប្រើទាក់ទងមិនចូល ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦កន្លងទៅ ចាន់ វឌ្ឍនាកា បានចេញទៅហ្វឹកហាត់រយៈពេល ១សប្ដាហ៍ជាមួយនឹងក្លឹបលំដាប់ទី៣ របស់ប្រទេសជប៉ុនមួយ គឺក្លឹប Fujieda ហើយថ្នាក់ដឹកនាំ និងគ្រូបង្វឹកក្លឹបនេះ ក៏បានចាត់អារម្មណ៍ចំពោះសមត្ថភាពរបស់អ្នកលេងជើងឆ្វេងខាងលើ និងមានបំណង់ចង់បាន វឌ្ឍនាកា ទៅជួយក្លឹបទៀតផង ។ ក្រោយមកមានព័ត៌មានថៃមួយបានចុះផ្សាយថា ការចង់បានរបស់ក្លឹប Fujieda គឺរង់ចាំតែការយល់ព្រមពីកីឡាករវ័យ ២២ឆ្នាំរបស់កម្ពុជានេះប៉ុណ្ណោះ ។ តែព័ត៌មាននេះ បានស្ងប់ស្ងាត់ទៅវិញ រហូតដល់បច្ចុប្បន្នទើបផ្ទុះឡើងជាថ្មី ក្រោយការប្រកាសរបស់ខ្សែប្រយុទ្ធឆ្នើមខាងលើ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ