កាន់តែអស្ចារ្យ! ជាមួយពាន Hun Sen Cup រដូវកាលថ្មី ដែលនឹងចាប់ផ្ដើមសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup រដូវកាលថ្មីនឹងចាប់ផ្ដើមប្រកួតដំណាក់កាលជម្រុះ នាថ្ងៃទី១១ ខែមករាសប្ដាហ៍ក្រោយនេះ ហើយគ្រោងនឹងបញ្ចប់ការប្រកួតទាំងស្រុងនៅដើមខែតុលាឆ្នាំ២០១៧ខាងមុខ ។ នេះបើយោងតាមកម្មវិធីប្រកួត ដែលផ្ដល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។


ប៉ុន្ដែចំពោះគោលការណ៍ប្រកួតរដូវកាលថ្មីនេះ ត្រូវបានសហព័ន្ធធ្វើការផ្លាស់ប្ដូរមួយចំនួន ដែលខុសប្លែកពីរដូវកាលមុនៗនិងកាន់តែអស្ចារ្យបន្ថែមទៀត ជាមួយនឹងការបង្ហាញវត្តមានលើកដំបូង នៃសមាជិកលីគលំដាប់ទី២ ទាំង ៩ក្រុមដែលត្រូវរង់ចាំប្រកួតនៅដំណាក់កទី៣ ។ លើសពីនេះ ក៏មានការកាត់យក ៤ក្រុមចុងក្រោយនៃលីគកំពូលកម្ពុជាមកលេងនៅដំណាក់កាលទី៣ ផងដែរ ។

 ដំណាក់កាលទី១៖ ការប្រកួតជម្រុះបឋមតាមតំបន់ចាប់ផ្ដើមប្រកួតពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។ ដំណាក់កាលនេះតាមគម្រោងគឺមានក្រុមបាល់ទាត់មកពីរាជធានី-ខេត្តចំនួន ២៧ក្រុមចូលរួម ហើយបែកចែកជា ៦ពូល ដោយពូលA, B និងពូលC គឺមាន ៥ក្រុមក្នុងមួយពូល ខណពូលD, E និងពូលF គឺមាន ៤ក្រុមប៉ុណ្ណោះ ។ ហើយពូលនីមួយៗត្រូវធ្វើការប្រកួតស្វែងរកក្រុមលេខ និងលេខ២ ប្រចាំពូល ដើម្បីឡើងទៅប្រកួតដំណាក់កាលទី២ ។

 ដំណាក់កាលទី២៖ ការប្រកួតខ្វែងពូលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាការប្រកួតខ្វែងពូលរវាងក្រុមលេខ១ និងលេខ២ឡើងមកពីពូលនីមួយៗ នៃដំណាក់កាលទី១ ដោយប្រើប្រព័ន្ធប្រកួតក្នុងដី និងក្រៅដី(Home/Away) ដើម្បីរកក្រុមខ្លាំងឡើងទៅដំណាក់កាលទី៣ ។

 ដំណាក់កាលទី៣៖ ការប្រកួតខ្វែងគ្នារវាងក្រុមឈ្នះដំណាក់កាលទី២ ជាមួយក្រុមលីគលំដាប់ទី២​ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី២៤ ខែឧសភា ។ នេះជាដំណាក់កាលប្លែកដោយក្រៅពីការប្រកួតជួបគ្នារវាងក្រុមឡើងពីវគ្គជម្រុះ​ ជាមួយសមាជិកនៃលីគលំដាប់ទី២ ទាំង ៩ក្រុមហើយក៏មានការប្រកួតខ្វែងគ្នារវាងក្រុមទាំង ៤ ដែលបានកាត់ចេញពីលីគកំពូលកម្ពុជា តាមប្រព័ន្ធប្រកួត(Home/Away)ផងដែរ ។

 ដំណាក់កាលទី៤៖ ការប្រកួតខ្វែងគ្នារវាងក្រុមឈ្នះពីដំណាក់កាលទី៣ ជាមួយសមាជិកលីគកំពូលកម្ពុជាការប្រកួតចាប់ផ្ដើមពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយក្រុមឡើងមកពីដំណាក់កាលទី៣ត្រូវជួបក្រុមខ្លាំងនៃលីគកំពូលកម្ពុជាទាំង ៦ក្រុម ដែលឈរចាំស្រាប់ រួមមានក្រុមបឹងកេតអង្គរ, ក្រសួងការពារជាតិ, ណាហ្គាវើល,ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមខេមបូឌានថាយហ្គឺរ ខណៈការប្រកួតធ្វើឡើង ២ជើងដូចគ្នា ។

 ដំណាក់កាលទី៥ គឺជាការប្រកួតជុំផ្ដាច់ព្រ័ត្រការប្រកួតចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ ពោលគឺចាប់ពីវគ្គ ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រើប្រព័ន្ធប្រកួត Home/Away ដូចគ្នា ដើម្បីស្វែងក្រុមជើងឯក ។ យ៉ាងមិញកាលពីរដូវកាលមុន គឺក្រុមក្រសួងការពារជាតិគ្រងតំណែងជើងឯក ដូច្នេះឆ្នាំនេះចាំមើលតើក្រុមណាអាចប្រជែងតំណែងជើងឯកពីក្រុមដឹកនាំដោយលោក ទេព ឡុងរចនា នេះបាន?

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ