ពិតជាខ្លាំងមែន! Lanexang យកឈ្នះ Buriram ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ TMCC-2016 ជើងទី១

ភ្នំពេញ៖ បន្ទាប់ពីទម្លាក់ក្រុមបឹងកេតអង្គររបស់កម្ពុជា ឥលូវនេះក្រុម Lanexang United របស់ឡាវ បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះក្រុមការពារតំណែងជើងឯកថៃ Buriram United ដោយលទ្ធផល ១-០ នៅលើទឹកដីរបស់ខ្លួន ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016(TMCC) ជើងទី១ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះឡាវខាងលើ គឺបានកើតឡើងនៅនាទីទី២០ ហើយក្រុមចំណូលថ្មីនេះ បានរក្សាទម្រង់លេងដ៏ល្អ បើទោះបីក្រុមជើងខ្លាំងថៃ Buriram United ព្យាយាមវាយសម្រុកយ៉ាងណា ក៏មិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុម Lanexang United បានដែរ ។ ដូច្នេះលទ្ធផលក្រុម Lanexang United នាំមុខ Buriram United ១-០ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ក្រោយទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ក្រុម Lanexang United នៅសល់ការប្រកួតក្រៅដីម្ដងទៀត ពោលគឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី២ ដែលនឹងធ្វើឡើងនៅលើទឹកដីថៃ នាថ្ងៃទី០៨ ខែមករាចុងសប្ដាហ៍នេះ ដោយក្រុម Lanexang United ត្រូវការលទ្ធផលត្រឹមស្មើក្រុមម្ចាស់ផ្ទះ Buriram United ប៉ុណ្ណោះ ដើម្បីគ្រងតំណែងជើងឯក ។ ចាំមើលតើ Lanexang United អាចបង្កើតប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យ សម្រាប់ប្រទេសឡាវដែលទេ នៅក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយពាន TMCC-2016 នេះ?

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ