សហព័ន្ធប្រដាល់គ្រោងបង្កើតការប្រកួតជើងឯក​ប្រចាំខែនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ នារយៈពេល២ឆ្នាំចុងក្រោយនេះភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងលើតំបន់ទេសចរណ៍នៃឆ្នេរសមុទ្រខេត្តព្រះសីហនុ  ហេតុនេះហើយទើបសហព័ន្ធកីឡាប្រដាល់កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ក្បាច់គុន​បុរាណ​ខ្មែរ​ដណ្តើម​ជើងឯក​ប្រចាំខែ និង​ប្រចាំសប្តាហ៍​ក្នុងខេត្តមាត់សមុទ្រនេះ​ដើម្បីជាការផ្សព្វផ្សាយវិស័យក្បាច់គុនខ្មែរបុរាណឱ្យកាន់តែល្បីល្បាញដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជាលោក តែម ម៉ឺនបានមានប្រសាសន៍ថា គម្រោង​នេះ​អាច​ដំណើរការ​ទៅបាន​លុះត្រា​មានការ​សហ​ការពី​អភិបាលខេត្ត​ព្រះសីហនុផ្ទាល់ ។ ឯកឧត្តមបានបន្ថែមថា បើទោះបីជាការប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រដែលទើបតែបញ្ចប់កាលពីចុងឆ្នាំ ២០១៦កន្លងទៅនោះមិនមាន​ការប្រកួត​លក្ខណៈអន្តរជាតិ​ក៏ដោយ ប៉ុន្តែប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជារូបនេះ​បា​ន​វាយតម្លៃ​ខ្ពស់​ថាការប្រកួត​មាន​លក្ខណៈ​ស្វិតស្វាញ និង​ល្អ​បំផុតព្រោះ​កីឡាករ​ប្រកួត​អស់ពី​សមត្ថភាព គោរព​វិន័យ​បានល្អជាពិសេស​គោរព​គោលការណ៍ Fair Play បានយ៉ាងខ្ជាប់ខ្ជួួន ។

ឯកឧត្តមបានបន្ថែមថា​​៖ «​យើង​ឃើញថាខេត្ត​នេះ​ជា​ខេត្ត​សក្តានុពល​ទេសចរណ៍​មួយ​ដ៏​ល្អជាពិសេស​គឺជា​ទិសដៅ​ដ៏​ល្អ​សម្រាប់​វិស័យ​កីឡាប្រដាល់​របស់​យើង ហើយ​កន្លងមក​យើង​បានរៀបចំ​ពីរ​បី​ដង​រួចមកហើយ​នៅ​ខេត្ត​មួយ​នេះ​ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​។ បើសិនជា​មានការ​គាំទ្រ​ពី​អភិបាលខេត្ត យើង​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ប្រចាំខែ និងប្រចាំ​សប្តាហ៍​ជាបន្តទៀត​»​៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ