ឧកញ៉ា សុខ ហុង ចំណាយជិត ២ម៉ឺនដុល្លារដើម្បីពង្រឹងសមត្ថភាពអត្តពលិកកាយសម្ព័ន្ធកម្ពុជា

ភ្នំពេញ៖ ដើម្បីសម្រេចគោលដៅឆ្ពោះទៅកាន់ភាពជោគជ័យរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានោះ លោកឧកញ៉ា សុខ ហុង ដែលជា​អនុប្រធាន​សហព័ន្ធគ្រោងនឹងចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជិត ២ម៉ឺនដុល្លារអាមេរិកដើម្បីរៀបចំការប្រកួតជ្រើសរើស​ជើងឯកផ្ទាល់ខ្លួន​មួយដែលគ្រោង​នឹងធ្វើ​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខដែលជា​ខ្សែបន្ទាត់​មួយ​ដ៏​សំខាន់​ក្នុងការ​សម្រួច​ទិសដៅ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក ឧកញ៉ា សុខ ហុង បានលើកឡើងថា ដោយមើលឃើញ​ពីកត្តាសំខាន់នៃការជំរុញ​ផ្នែក​បច្ចេកទេសដែលត្រូវធ្វើជាដាច់ខាតនោះ ទើបលោកសម្រេចថាត្រូវតែ​ធ្វើការប្រកួតរើស​ជើងឯក​នេះឡើង ដើម្បីផ្តល់ឱកាស​ឲ្យ​អត្តពលិក​បានប្រកួត​ផ្លាស់ប្តូរ​បច្ចេកទេស​គ្នា និងផ្តល់​បទពិសោធន៍​ថ្មីៗឲ្យ​គ្រូបង្វឹក និងផ្នែក​រដ្ឋបាល​របស់​យើង ឲ្យបានដឹង​ពីរបៀបនៃការរៀប​ចំការ​ប្រកួតដែលមាន​លក្ខណៈ​ស្រដៀងគ្នាទៅនឹង​ការប្រកួត​ស៊ីហ្គេម ។

លោកឧកញ៉ា សុខ ហុង បានមានប្រសាសន៍ថា៖ «តាមរយៈនៃការរៀបចំការប្រកួតនេះវាជា​ឱកាស​ក្នុងការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ទាំងផ្នែក​រដ្ឋបាល និងមន្ត្រី​បច្ចេកទេស ពិសេស​គ្រូបង្វឹក ព្រោះ​គ្រូបង្វឹក​ជា​ខ្សែបន្ទាត់​ដ៏សំខាន់​សម្រាប់​តម្រង់ទិស​អត្តពលិក​ឲ្យបាន​ត្រឹមត្រូវ​ទៅតាម​និយាម​បច្ចេកទេស​អន្តរជាតិ ព្រោះបើ​គ្រូបង្វឹក​មិនយល់​ច្បាស់​អំពី​បច្ចេកទេសទេ ការបង្ហាត់​ក៏មិនអាច​ទទួលបាន​គុណផល​ទេ និង​ថែមទាំង​អាចមាន​គ្រោះថ្នាក់​ដល់​អត្តពលិក​ទៀតផង។ ហេតុនេះ ខ្ញុំនឹង​ព្យាយាម រៀបចំ និង​ធ្វើឲ្យ​បានច្រើន ដើម្បី​ឲ្យកីឡា​កាយសម្ព័ន្ធ មានការ​រីកចម្រើន​កាន់តែ​ប្រសើរ ក្នុងការ​សម្លឹង​ទៅរក​ការឈ្នះ​មេដាយ​ស៊ីហ្គេម ជូនជាតិ នាឆ្នាំ ២០២៣»។

យ៉ាងណាក៏ដោយព្រឹត្តិការណ៍​ថ្មីនេះ នៅ​មិនទាន់បាន​ដាក់ឈ្មោះ​ឲ្យប្រាកដ​នៅឡើយ​ទេប៉ុន្តែ​បើតាម​លោក ណយ ផាណា ការ​ប្រកួតនឹង​បើកទូលាយ​ឲ្យអត្តពលិក​មកពី​គ្រប់ក្លិប​បាន​ចូលរួមដើម្បី​ធ្វើឲ្យ​ការប្រកួត​មានលក្ខណៈ​ស្វិតស្វាញ និងមានការ​ប្រជែង​គ្នា​កាន់តែខ្លាំងទាំង​ទៅលើ​ប្រភេទ​កាយសម្ព័ន្ធ​អាអេរ៉ូប៊ិក និង​អាទិសស្ទិកសរុប​ជាង ១០ វិញ្ញាសា និងអាច​មាន ៩ ក្លិប​ចូលរួម ដែលមាន​អត្តពលិក គ្រូបង្វឹក និងមន្ត្រី​ដឹកនាំ​ចន្លោះពី ១៦០ នាក់ ទៅ ២០០ នាក់។

ឧកញ៉ា សុខ ហុង ក៏បានសង្កត់ធ្ងន់ដែរថា៖ «​ដើម្បីធ្វើ​ឲ្យ​អត្តពលិក​កាយសម្ព័ន្ធ​មានគុណ​ផលខ្ពស់​នោះ គឺយើង​ត្រូវតែមាន​ការប្រកួត​ជើងឯក​ឯកជនឬ Cup អីមួយ អម​ជាមួយ​ការប្រកួត​ជើងឯក​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ទើបបាន»៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ