ប៉ារ៉ាឡាំពិកកម្ពុជាធ្វើតេស្តអត្តពលិកត្រៀម ASEAN Para Games លើកទី៩នៅម៉ាឡេសុី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមករា ម្សិលមិញនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានពិនិត្យលើកាយសម្បទាកីឡាករ-កីឡាការិនីហែលទឹកជនពិការ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិដើម្បីធ្វើតេស្តត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នាខែកញ្ញាឆ្នាំ២០១៧ ខាងមុខនៅប្រទេសម៉ាឡេស៊ី ។


លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានដឹកនាំមន្ត្រីក្មេងៗដែលលោកទើបនឹងបណ្ដុះបណ្ដាលមកចូលរួមក្នុងការធ្វើតេស្ត និងពិនិត្យវាយតម្លៃលើកាយសម្បទាផ្ទាល់តែម្ដង ក្នុងនោះមានកីឡាករ ១០រូប និងកីឡាការិនី ២រូបចូលរួម។ ជាលទ្ធផលពួកគេទាំង ២រូបបានជាប់ទាំងអស់គ្នានិងបានសន្យាថាពិនិត្យឈាមព្រមទាំងមិនប្រើប្រាស់សារធាតុលើកកកម្លាំងដែលគេមិនឲ្យប្រើនៅក្នុងកីឡាឡើយ ។

នេះគឺជាការធ្វើតេស្ត និងពិនិត្យកាយសម្បទាបឋមប៉ុណ្ណោះហើយប្រសិនបើពួកគេមានឱកាសបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នោះ ពួកគេនឹងត្រូវធ្វើតេស្តជាលក្ខណៈអន្តរជាតិម្ដងទៀត ។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នេះកីឡាចំនួន ១៦ប្រភេទត្រូវបានដាក់ឲ្យប្រកួត ដោយលោកយី វាសនា បានអះអាងថាប្រទេសកម្ពុជាបានត្រៀមកីឡាចំនួន ១០ប្រភេទដើម្បីចូលរួមដូចជា អត្តពលកម្ម, បាល់ទះអង្គុយ, ហែលទឹក, បាញ់ធ្នូ, បាញ់កាំភ្លើង, ប៊ូលលីង, បាល់បោះរទេះ, Boccia Football 5 a Side (បាល់ទាត់ជនងងឹតភ្នែកដែលលេងម្ខាង ៥នាក់) និងបាល់បោះពិការភ្នែក ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ