TMCC-2016៖ ក្រោយទម្លាក់បឹងកេត តើ Lanexang អាចយកឈ្នះ Buriram បានទេល្ងាចនេះ?

ភ្នំពេញ៖ ក្រុមជើងឯកឡាវ Lanexang United នឹងត្រូវជួបក្រុមការពារតំណែងជើងឯក Buriram United របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 ជើងទី១ នាវេលាម៉ោង ៦ល្ងាចនេះ នៅលើទឹកដីរបស់ខ្លួននៃកីឡដ្ឋាន Chao Anounvong ទីក្រុង Vientiane ប្រទេសឡាវ ។
ចាំមើលតើ Lanexang United អាចបន្ដភាពខ្លាំង ដូចកាលទម្លាក់ក្រុមបឹងកេតអង្គររបស់កម្ពុជា មិនឲ្យតដៃរួចទៀតទេ?
គួរបញ្ជាក់ថា មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្រុម Lanexang United បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងក្នុងពិភពបាល់ទាត់ ក្រោយទម្លាក់គូប្រកួតជាបន្ដបន្ទាប់ ជាពិសេសនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីចុងសប្ដាហ៍មុន ក្រុមដឹកនាំដោយគ្រូបង្វឹកនជនជាតិប្រេស៊ីលលោក Leonardo Vitorino នេះ បានផ្ដល់ការដូដល់ឈឺចាប់ក្នុងឱកាលឆ្នាំថ្មី ឆ្នាំ២០១៧ ដល់ក្រុមបឹងកេតអង្គរ តាមរយៈការទម្លាក់អតីតក្រុមជើងឯករងនេះ ដោយលទ្ធផល ៣-០ នៅលើទឹកដីកម្ពុជា ។
មុនជួបក្រុម Buriram United ល្ងាចនេះដែរ លោក Leonardo Vitorino ធ្លាប់បានលើកឡើងថា ទោះបី Buriram គឺជាក្រុមខ្លាំង និងល្បីក្នុងតំបន់ក្ដី ប៉ុន្ដែលោកមិនខ្វល់នោះទេ សំខាន់គឺកូនក្រុមលោកធ្វើតាមអ្វី ដែលលោកបានប្រាប់ ដូចការលេងជាមួយក្រុមបឹងកេតអង្គរដែរ ។ តែអ្វីដែលសំខាន់ គឺលោកពិតជាសប្បាយចិត្ត ចំពោះការប្រកួតនេះ ដោយសារលោកបានដឹកនាំក្រុម Lanexang មកជួបក្រុម Buriram របស់ថៃនៅវគ្គផ្ដាច់ព្រ័ត្រ ដែលជាក្រុមលោកធ្លាប់ធ្វើការជាមួយកាលពីមុន ។

សូមរំឮកថា កាលពីឆ្នាំ២០១៥ ក្រុម Buriram United បានគ្រងតំណែងជើងឯក ក្រោយយកឈ្នះក្រុមបឹងកេត ដោយតឹងតែងបំផុតជាមួយលទ្ធផល ១-០ នៅលើទឹកដីរបស់ខ្លួន ។ យ៉ាងណាមិញក្រុម Lanexang បានយកឈ្នះក្រុមបឹងកេតយ៉ាងងាយ ដូច្នេះ Buriram ក៏ទំនងពិបាកទប់ទល់ក្រុមមកពីឡាវនេះដែរ ។ ប៉ុន្ដែការប្រកួតវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះធ្វើឡើងចំនួន ២ជើង ពោលគឺការប្រកួតជើងទី១ ធ្វើឡើងលើទឹកដីឡាវល្ងាចនេះ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅលើទឹកដីថៃវិញម្ដង នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ចុងសប្ដាហ៍នេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ