ចាន់ វឌ្ឍនាកា-ស៊ូ យ៉ាទី គ្មានក្នុងបញ្ជីឈ្មោះជម្រើសជាតិ ត្រៀមជួបអារ៉ាប់ប៊ីសាអូឌីតឡើយ!

ភ្នំពេញ៖ បញ្ជីឈ្មោះកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ខាងមុខ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បង្ហាញជាផ្លូវការហើយ ប៉ុន្ដែមិនមានវត្តមានកីឡាករដ៏សំខាន់ ២រូប គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី ឡើយ។


នៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិថ្មី តែមិនទាន់បង្ហាញពីសមត្ថភាពថ្នាក់ដឹកនាំនៅឡើយ ដែលបង្ហោះលើ Page សហព័ន្ធកាលល្ងាចមិញ គឺមានសមាជិកសរុប ២៤នាក់ និងមកពី ៦ក្លឹបនៃសមាជិកលីគកំពូលកម្ពុជា ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាករ ចាន់ វឌ្ឍនាកា ដែលតែងជាប់ជម្រើសជាតិ និងរកបានគ្រាប់បាល់ជារឿយៗ រួមទាំងអ្នកចាំទីចាស់វស្សា ស៊ូ យ៉ាទី ដែលធ្លាប់ទទួលបានរហស្សនាម «អ្នកចាំទីដៃស្អិត» ពីអ្នកគាំទ្រនោះ គឺគ្មានឈ្មោះឡើយ ។

ប៉ុន្ដែអ្នកគាំទ្រភាគច្រើនប្រហែលជាដឹងហើយថា ចាន់ វឌ្ឍនាកា គឺមានរបួសតាំងពីទៅលេងនៅវៀតណាមកាលពីដើមខែធ្នូ ឆ្នាំ២០១៦ម្ល៉េះ រហូតដល់ពេលបឹងកេត ជួបក្រុម Lanexang នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Toyota Mekong Club Championship 2016 ក៏គេមិនបានជួយក្រុមដែរ ។ លើកលែងតែ ស៊ូ យ៉ាទី ដែលត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា អះអាងថា បង្ខំចិត្តឲ្យចាំទីទាំងរបួសដៃនៅមានអារម្មណ៍ឈឺនៅឡើយក្នុងការប្រកួតនោះ ។ ដូច្នេះអាចនិយាយបានថា ការអវត្តមានរបស់កីឡាករឆ្នើមទាំងពីរ គឺបណ្ដាលមកពីរបួស ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ