ព្រឹត្តិការណ៍ Angkor Ultra Trail 2017 រំពឹងមានអ្នកចូលរួមកើនឡើងជាងឆ្នាំមុន

ភ្នំពេញ៖ ព្រឹត្តិការណ៍​រត់​ជាមួយធម្មជាតិ​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​លើកទី២ ​នៅ​កម្ពុជា​ដែលគេហៅថា Angkor Ultra Trail 2017 នោះ​នឹង​ចាប់ផ្ដើម​ប្រកួតក្នុងខែនេះហើយពោលគឺនាថ្ងៃទី ២១-២២ ខែមករានេះ ខណៈដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជាអ្នករៀបចំនោះមិនទាន់ប្រកាសពីចំនួនអ្នកចូលរួមច្បាស់លាស់នៅឡើយទេ ប៉ុន្តែ NOCC ជឿជាក់ថានឹងមានអ្នកចូលរួមកើនឡើងច្រើនជាងឆ្នាំ២០១៦ ជាក់ជាមិនខាន ។


ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយឆ្លងកាត់​ឧបសគ្គ​ក្នុង​ធម្មជាតិ​នេះ​ចែកចេញជា ៤ វិញ្ញាសា​គឺ​រត់​ចម្ងាយ​ ៣២​គីឡូម៉ែត្រ​ដែល​ត្រូវ​បង់​សិទ្ធិ​ប្រកួត ​៦០​ដុល្លារ ។ ចម្ងាយ​ផ្លូវ​ ៦៤​គីឡូម៉ែត្រ​បង់​សិទ្ធិ​ប្រកួត​ ៩០​ដុល្លារ និងរត់​ ១២៨​គីឡូម៉ែត្រ​បង់​សិទ្ធិ​ប្រកួត​ ១៦០​ដុល្លារ ​។​ ក្រៅពីនេះ​ក៏មាន​រត់​កាន់​ឈើច្រត់​ចម្ងាយ​ ៣២ គីឡូម៉ែត្រផងដែរ ។​ បើតាមមន្ត្រីព័ត៌មានរបស់គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថាសម្រាប់ចំនួនអ្នកចូលរួមរត់ប្រណាំងកាលពីឆ្នាំ២០១៦នោះ មានប្រមាណ ២៥០នាក់ មកពី ២៦ប្រទេសលើពិភពលោកដែល​ក្នុងនោះ​ភាគច្រើន​មកពី​អាហ្វ្រិក​ខាងត្បូង អូស្ត្រាលី អាមេរិក បែល​ហ្ស៊ី​ក​ ឥណ្ឌូនេស៊ី ស្វី​ស សិង្ហ​បូរី ម៉ាឡេស៊ី ថៃ ។​ល​។​ ខណៈឆ្នាំនេះអាចនឹងកើនឡើងច្រើនជាងឆ្នាំមុនទៅដល់ទៅ ១០០នាក់ ។

ការ​ត់​ចម្ងាយ ១២៨​គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកចេញជា​ដំណាក់កាលសម្រាប់​រត់ មានន័យថា ដំណាក់កាល​ដំបូងបន្ទាប់ពី​រត់​ចម្ងាយ​បាន​ជាង ៧០​គីឡូម៉ែត្រ​ហើយ​នោះ គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី នឹងធ្វើ​ការត្រួតពិនិត្យ​សុខភាព និង​សមិទ្ធផល​របស់​អត្ត​ព​លិ​ក​ម្នាក់ៗ មុននឹង​អនុញ្ញាត​ឲ្យរត់​បន្ដ  ប៉ុន្ដែ​ក្រោយ​រត់​គ្រប់​ចម្ងាយ ១២៨​គីឡូម៉ែត្រ​ហើយ​នោះគណៈកម្មការ​នឹងធ្វើ​ការត្រួតពិនិត្យ​ជាថ្មី​ម្ដងទៀត មុននឹង​បូកសរុប​លទ្ធផល​ចុងក្រោយ ។​ សម្រាប់​លក្ខខណ្ឌ​បូកសរុប​លទ្ធផល​ចុងក្រោយ គឺ​អត្ត​ព​លិ​ក​ម្នាក់ៗ ត្រូវ​រត់​ក្នុង​ថិរវេលា​មិន​លើសពី ២៨​ម៉ោង​ឡើយ មានន័យថាអ្នករត់​ក្រោម ២៨​ម៉ោង ទើប​ទទួលបាន​ចំណាត់ថ្នាក់ទៅតាម​សមិទ្ធផល​ជាក់ស្ដែង​របស់​អត្ត​ព​លិ​ក​ម្នាក់ៗ តែ​ចំពោះ​អ្នករត់​លើសពី​២៨​ម៉ោង គណៈកម្មការ​នឹងមិន​ផ្ដល់​ចំណាត់ថ្នាក់​ជូន​នោះទេ ។​

ជាមួយគ្នានេះផងដែរប្រាក់ដែល​បានមកពី​ការបង់​សិទ្ធិ​ប្រកួត​នេះ​គឺ​សម្រាប់​បង់​ធានារ៉ាប់រង​ដល់ ​អ្នកចូលរួម​រត់ និង ជួយ​ដល់​វិស័យ​សុខាភិបាល និងអង្គ​ការដែល​ធ្វើការ​ជាមួយ​កុមារ ។​ ​ការរត់​នេះ​គឺ​ក្នុង​ចម្ងាយ​ផ្លូវ​១៥​គីឡូម៉ែត្រ​នឹងមាន​ស្ថាន​នី​យ៍​សម្រាប់​ផឹកទឹក និង អាហារសម្រន់​ដែល​រាល់​ការឈប់​សម្រាប់​ដើម្បី​ផឹកទឹក និងអាហារសម្រន់​នេះ​យូរ ឬ ឆាប់​អាស្រ័យ​លើ​អត្ត​ព​លិ​ក​ខ្លួនឯង​ដែល​ចង់​ឆាប់​ដល់ទី ឬ មិន​ចង់​ឆាប់​ដល់ទី​តែប៉ុណ្ណោះ ។​ គួរ​បញ្ជាក់ថា Ultra Trail Angkor 2016 នេះ គឺ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ប្លែក​ដ៏​អស្ចារ្យ​មួយ ដែល​ក្រសួង ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប រួមទាំង​ក្រុមការងារ​បច្ចេក ទេស​មកពី​ប្រទេស​បារាំង រៀបចំឡើង​នៅ​តំបន់​អង្គរ ខេត្តសៀមរាប ក្នុង​គោលដៅ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ដ​តំបន់​វប្បធម៌​របស់​ខ្មែរ ក៏ដូចជា​រួមចំណែក​ស្វែងរក​ចំណូល​ជួយ​ដល់​ប្រទេសជាតិ​ផងដែរ ៕

អត្ថបទ៖ រត្ន័

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ