សហព័ន្ធសូហ្វតិន្នីសពិភពលោក ផ្ដល់ជំនួយដល់កម្ពុជាដោយផ្តោតលើចំនុច ៣ ធំៗ

ភ្នំពេញ៖ ដោយហេតុមើលឃើញសន្ទុះរីកចម្រើននៃវិស័យកីឡាសូហ្វតិន្នីសនៅកម្ពុជាកំពុងតែមានភាពខ្លាំងក្លានោះ ក្នុងអំឡុងពេល ២ឆ្នាំកន្លងមកនេះ លោក ហ៊ី តេវាំង ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកូរ៉េ និងជាអនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសពិភពលោក និងអាស៊ី បានមកផ្ដល់ជំនួយដល់សហព័ន្ធទាំងថវិកា និងការហ្វឹកហាត់អត្តពលិកកម្ពុជាបន្ថែមសម្រាប់ត្រៀមព្រឹត្តិការណ៍អាស៊ីនៅឆ្នាំ ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី ។


អនុប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាលោក ម៉ក់ សំអុល បានឲ្យដឹងថា៖ «នៅក្នុងជំនួបជាមួយលោកប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកូរ៉េ និងកម្ពុជានេះ យើងទទួលបានផលប្រយោជន៍ចំនួនធំៗ ចំនួន ៣ គឺទី ១ សហព័ន្ធកូរ៉េបានជួយប្រាក់ ៧០០០ ដុល្លារដើម្បីប្រើប្រាស់ពង្រឹងសមត្ថភាពហ្វឹកហាត់ ទី២ ទទួលយកសំណើរបស់កម្ពជាក្នុងការសុំជំនួយគ្រូបង្វឹកមកបង្ហាត់នៅកម្ពុជារយៈពេលវែង ហើយទី៣ សុំបញ្ជូនកីឡាករទៅហាត់នៅកូរ៉េរយៈពេលសមស្រប ព្រោះសូហ្វតិន្នីសកម្ពុជាទើបតែចាប់ផ្តើមក្នុងរយៈពេលខ្លីប៉ុន្តែទទួលបានការរីកចម្រើន និងឈ្នះបានមេដាយលើការប្រកួតអន្តរជាតិច្រើនគួរកត់សម្គាល់» ។

លោក ហ៊ី តេវាំង បានមានប្រសាសន៍ថា៖ «លោកចង់ឃើញកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍អាស៊ីនៅឆ្នាំ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី ។» លោកបានបន្ថែមថា លោកទទួលយកសំណើទាំង ៣របស់កម្ពុជា គឺបន្ទាប់ពីកីឡាសូហ្វតិន្នីសកម្ពុជាក្នុងរយៈពេល ២ ឆ្នាំកន្លងមកទទួលបានលទ្ធផលល្អគួរកត់សម្គាល់ ពិសេសបានឈ្នះមេដាយជាបន្តបន្ទាប់លើឆាកអន្តរជាតិ ។ គួបញ្ជាក់ផងដែរថា បច្ចុប្បន្នសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាកំពុងសាងសង់ទីលានមួយដែលចំណាយប្រាក់ជិត ៤ សែនដុល្លារ និងមានក្លិបកំពុងហ្វឹកហាត់ច្រើននៅខេត្តកំពង់ស្ពឺ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ