ក្រុមបាល់ទាត់ម៉ាឡេស៊ី ២ ទៀត មកប្រកួតកម្ដៅសាច់ដុំជាមួយសមាជិកលីគកំពូលកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីក្រុមសាកលវិទ្យាល័យមួយរបស់ម៉ាឡេស៊ី (UiTM) បានបញ្ចប់បេសកកម្មនៅកម្ពុជា ឥលូវនេះមានក្រុមក្របខណ្ឌលីគកំពូល និងលីគលំដាប់ទី២ របស់ម៉ាឡេស៊ី ២ក្រុមទៀត ដែលនឹងមកធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយសមាជិកលីគកំពូលកម្ពុជា រួមមានក្រុមលីគកំពូល Melaka United និងក្រុមលំដាប់លីគទី២ Negeri Sembilan ។


សម្រាប់ក្រុមលីគកំពូល Melaka បានណាត់ក្រុមខ្លាំងៗរបស់កម្ពុជា ៤ក្រុមធ្វើការប្រកួតមិត្តភាពជាមួយ រួមមានក្រុមក្រសួងការពារជាតិ ត្រូវជួបគ្នានៅថ្ងៃទី០៤ ខែមករាស្អែកនេះ បន្ទាប់មកជួបក្រុម Cambodian Tiger នៅថ្ងៃទី០៦ ខែមករា, ជួបក្រុមណាហ្គាវើល នៅថ្ងៃទី០៨ ខែមករា និងចុងក្រោយជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥នេះ តែមិនទាន់ដឹងច្បាស់ពីទីលាននោះទេ ។

ដោយឡែកអតីតក្រុមជើងឯក Malaysia Cup និង FA Cup គឺក្រុម Negeri Sembilan បានណាត់ក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន ធ្វើការប្រកួតមិត្តភាពចំនួន ២ជើង នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែមករានេះ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងចំណងមិត្តភាព ។ លើសពីនេះក្រុម Negeri Sembilan ក៏មានគម្រោងជួបក្រុមណាហ្គាវើល និងក្រុមក្រសួងការពារជាតិផងដែរ តែមិនទាន់ដឹងកាលបរិច្ឆេទ និងទីលាននៅឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ