តើលោក Lee ត្រូវដឹកនាំគោព្រៃកម្ពុជា ទៅជួបអារ៉ាប់ប៊ីសាអូឌីតឬយ៉ាងណា?

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅប្រទេសអារ៉ាប់រួមនាសប្ដាហ៍ក្រោយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីតនៅទីនោះ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ។ ប៉ុន្ដែមុនចេញដំណើរមានអ្នកគាំទ្រមួយចំនួន បានចោទសួរថា តើលោក Lee Tae Hoon ត្រូវដឹកនាំក្រុមរហស្សនាមគោព្រៃកម្ពុជា បំពេញបេសកកម្មលើកនេះ ឬយ៉ាងណា ខណៈកុងត្រារបស់លោកបានបញ្ចប់កាលពីចុងឆ្នាំ២០១៦ ទៅហើយ?

ជុំវិញចម្ងល់ខាងលើត្រូវបានលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ឲ្យដឹងនាព្រឹកនេះថា ទោះបីលោក Lee Tea Hoon ត្រូវផុតកុងត្រាជាមួយក្រុមជម្រើសជាតិពិតមែន ប៉ុន្ដែមកទល់ពេលនេះអ្វីៗមិនទាន់មានការប្រែប្រួលនោះទេ មានន័យថា លោកនៅតែជាគ្រូបង្វឹកក្រុមជម្រើសជាតិដដែល ។ ដូច្នេះនៅថ្ងៃទី០៥ ខែមករាខានស្អែកនេះ លោកនឹងធ្វើការកោះហៅកីឡាករជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិខាងលើ ។

គួរបញ្ជាក់ថា យោងតាមការឲ្យដឹងលើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) បានបញ្ចាក់ថា ក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃទី១៤ ខែមករាសប្ដាហ៍ក្រោយ ហើយនេះក៏ជាការប្រកួតអន្ដរជាតិបើកឆាកថ្មីរបស់ក្រុមគោព្រៃកម្ពុជាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ