TMCC-2016៖ គ្រូ Lanexang ទម្លាយយុទ្ធសាស្ដ្រ ដើម្បីលត់បឹងកេត ៣-០ យប់មិញ

ភ្នំពេញ៖ បន្ទាប់ពីទម្លាក់ក្រុមជើងឯករងឆ្នាំចាស់ បឹងកេតអង្គរ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 ដោយលទ្ធផល ៣-០ កាលពីយប់មិញរួចមក លោក Leonardo Vitorino គ្រូបង្វឹកក្រុមជើងឯកឡាវ Lanexang United បានទម្លាយឲ្យដឹងនូវយុទ្ធសាស្រ្ដ និងការដឹងមុនពីចំណុចខ្សោយរបស់ក្រុមបឹងកេត មុននឹងឈានទៅទទួលបាននូវជ័យជម្នះជាទីគាប់ចិត្តសម្រាប់ជាការដូឆ្នាំថ្មី ឆ្នាំ២០១៧ដូច្នេះ ។

គ្រូបង្វឹកជនជាតិប្រេស៊ីលខាងលើ បាននិយាយក្នុងសន្និសីទក្រោយចប់ការប្រកួតថា «ខ្ញុំដឹងច្បាស់ថា បឹងកេតសម្បូរទៅដោយកីឡាករល្អច្រើន ប៉ុន្ដែពួកគេត្រូវការតំបន់ទូលាយ ដើម្បីលលេង។ តែជាចំណុចសំខាន់ ក្រុមខ្ញុំបានធ្វើការបង្រួមទីលានឲ្យតូច ដើម្បីឲ្យកូនក្រុមមានឱកាសគ្រប់គ្រងបាល់បានច្រើន។ កូនក្រុមខ្ញុំបានចេញបាល់លឿន ស្របពេលទីលានតូច ទើបបង្កការពិបាក់ដល់ក្រុមបឹងកេត ។ ជាក់ស្ដែងកីឡាករអាហ្វ្រិក(កីឡាករបរទេសបឹងកេត) មានកាយសម្បទាល្អ តែត្រូវកន្លែងទូលាយ ដើម្បីលេង ប៉ុន្ដែពេលទីកន្លែងចង្អៀត គឺគាត់ពិបាកលេង ។ ជារួមខ្ញុំបានបិទជិតនូវតំបន់ការពារ និងបម្រើ ទើបបឹងកេតពិបាក់នឹងលេង» ។

សម្រាប់ជ័យជម្នះរបស់ក្រុម Lanexang United កាលពីយប់មិញ គឺសមល្មងឲ្យក្រុមចំណូលថ្មីនេះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីជួបក្រុមការពារតំណែងជើងឯកថៃ Buriram United ប្រជែងតំណែងជើងឯករដូវកាលថ្មី ដែលនឹងធ្វើឡើង ២ជើង(ក្នុងដី និងក្រៅដី) នៅថ្ងៃទី០៤ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ខាងមុខ ។ ប៉ុន្ដែជាបណ្ដោះអាសន្នពេលនេះ Lanexang United ក៏ទទួលបានប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារក្នុងដៃរួចទៅហើយ តែបើឈ្នះ Buriram United មិនត្រឹមតែទទួលបានពាននោះទេ គឺអមដោយប្រាក់រង្វាន់ ៧៥,០០០ដុល្លារ ឯណោះ ។ រីឯក្រុមបឹងកេត ដែលធ្លាក់កាលពីយប់មិញ ក៏ទទួលបានប្រាក់រង្វាន់ត្រឹម ៣ម៉ឺនដុល្លារផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ