មូលហេតុ ចាន់ វឌ្ឍនាកា មិនបានលេងយប់មិញ គឺដោយសារ…?

ភ្នំពេញ៖ ស្របពេលក្រុមបឹងកេតអង្គរ រង់បរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Lanexang United របស់ឡាវ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 ដោយលទ្ធផល ៣-០ កាលពីយប់មិញ គេមិនឃើញវត្តមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលគ្រូបង្វឹកលោក ប្រាក់ សុវណ្ណារ៉ា អះអាងថា នឹងបានចូលលេងខ្លះនោះទេ ។ តើមូលហេតុអ្វីបានជាកីឡាករមកពីខេត្តកំពតរូបនេះ មិនបង្ហាញខ្លួន? ជុំវិញការអវត្តមាននៃកីឡាករជា Idol របស់អ្នកគាំទ្រភាគច្រើនរូបនេះ បានធ្វើឲ្យអ្នកទស្សនាមានការងឿឆ្ងល់ជាខ្លាំង ខណៈបឹងកេតអង្គរ កំពុងរង់សម្ពាធពីក្រុម Lanexang United នោះ ។

ជាមួយនឹងករណីនេះ ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា ឲ្យដឹងថា មូលហេតុ ចាន់ វឌ្ឍនាកា មិនអាចជួយក្រុមបានកាលពីយប់មិញ គឺដោយសារសាមីខ្លួនផ្ទាល់ ដែលគេមិនទាន់ជាសះស្បើយពីរបួស ពោលគឺមានអារម្មណ៍ឈឺនៅឡើយ ហេតុនេះទើបលោកមិនអាចបង្ខំដាក់គេឲ្យលេងដូច្នេះ។

គួរបញ្ជាក់ថា ក្រុមបឹងកេតអង្គរ គឺជាក្រុមអង្គុយចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងជាអតីតក្រុមជើងឯករងឆ្នាំចាស់ផងដែរ ខណៈក្រុម Lanexang United គឺជាក្រុមលេខ១ ឡើងមកពីវគ្គជម្រុះបឋម ប៉ុន្ដែការប្រកួតយប់មិញក្រុមភ្ញៀវឡាវ ធ្វើបានយ៉ាងល្អទាំងការគ្រប់គ្រងបាល់ និងការបញ្ចប់ទី ។ ផ្ទុយទៅវិញ ក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ គេឃើញមានឱកាសគ្រប់គ្រងបាល់បានតិចបំផុត ហើយតង់ទី២ ទៀតសោត ទោះបីមានឱកាសរកគ្រាប់បាល់ជាច្រើនលើក ក៏ធ្វើមិនបានសម្រេចដែរ មុននឹងចាញ់ Lanexang United ៣-០ នោះ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ