កីឡាការិនីតេក្វាន់ដូកូរ៉េមួយក្រុមបញ្ចប់ការហ្វឹកហាត់រួមជាមួយកម្ពុជា

ភ្នំពេញ:បន្ទាប់ពីចំណាយពេលហ្វឹកហាត់រួមគ្នាជាមួយកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាតាំងពីថ្ងៃទី ២០ ធ្នូ មកនោះកីឡាការិនីតេក្វាន់ដូ សាធារណរដ្ឋ កូរ៉េ មួយក្រុមដែលមានគ្នា ៨ នាក់បានជម្រាបលាត្រឡប់ទៅស្រុកកំណើតវិញ ។

លោក Choi Yong Sok គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបាននិយាយឲ្យដឹងថាកីឡាការិនីកូរេទាំង ៨ រូប នោះមាន ២ រូបជាកីឡាការិនីជម្រើសជាតិពួកគេមកកម្ពុជាដឹកនាំដោយគ្រូបង្វឹកឈ្មោះ Cho Sung Ho ពួកគេមកពី ក្លិប Suseong Women Taekwondo Team ដែលជាក្លិបដ៏មានឈ្មោះបោះសម្លេងមួយនៅកូរ៉េ។

គួរបញ្ជាក់ថាតេក្វាន់ដូរបស់កូរេខាងត្បូងគឺតេក្វាន់ដូស្ទីលW.T.F (World Taekwondo Federation) នៅ រសៀលថ្ងៃទី ៣០ ធ្នូ ប្រតិភូកីឡាការិនីតេក្វាន់ដូរបស់កូរេនេះបានជួបសំណេះសំណាលជាមួយលោកហែម សំណាង ដែលជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ។ ក្នុងពិធីសំណេះសំណាលនោះលោកហែម សំណាងបានចាត់ទុកថាការហ្វឹកហាត់រួមគ្នាបែបនេះបានធ្វើឲ្យ កីឡាការិនីតេក្វាន់ដូកម្ពុជាបានទទួលបទពិសោធន៍កាន់តែច្រើនថែមទៀត ។ លោកចង់បានឱកាសបែបនេះច្រើនដើម្បី អភិវឌ្ឍន៍សមត្ថភាពកីឡាការិនីតេក្វាន់ដូកម្ពុជា។

លោក Cho Sung Hoដែលជាគ្រូបង្វឹករបស់ក្រុមកីឡាការិនី Suseong Women Taekwondo Team បានបញ្ជាក់ថានេះជាលើកដំបូងហើយដែលបានមកកម្ពុជាហើយបានហ្វឹកហាត់រួមគ្នាជាមួយកីឡាការិនីជម្រើសជាតិ កម្ពុជា ។ លោកបានចាត់ទុកថាការហ្វឹកហាត់រួមគ្នាបែបនេះបានទទួលផលល្អទាំងសងខាង ព្រោះនេះជាឱកាសនៃ ការផ្លាស់ប្ដូរបទពិសោធន៍ពីគៃនាទៅវិញទៅមក ។

ជាមួយនឹងការសំណេះសំណាលនេះនៅល្ងាចថ្ងៃដដែលក៏មានការប្រកួតផ្លាស់ប្ដូរបទពិសោធន៍រវាងកីឡាការិនី សាធារណរដ្ឋកូរេជាមួយកីឡាការិនីជម្រើសជាតិកម្ពុជាដែរដែក្នុងនោះកីឡាការិនីកម្ពុជាស៊ន សៀវម៉ីក៏ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះដែរ ។ នេះមិនមែនជាការប្រកួតដើម្បីចាញ់-ឈ្នះនោះទេតែជាការបង្ហាញនូវបច្ចេកទេសដល់គ្នាទៅវិញទៅមកតែ ប៉ុណ្ណោះ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ